(កំពង់ចាម)៖ នៅព្រឹក ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានអនុសាខាស្រុក រួមនឹងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៧៣គ្រួសាររស់នៅក្នុង១២ភូមិ ក្នុងឃុំចំនួន ៤ រួមមាន: ឃុំស្វាយទាប ៦ភូមិ ឃុំស្ពឺ ១ភូមិ ឃុំល្វាលើ ៣ភូមិ និងឃុំជយោ ២ភូមិ ក្នុងស្រុកចំការលើ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើឱ្យផ្ទះ៣៥ខ្នង ក្នុងឃុំទាំង៤ត្រូវ របើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតធ្ងន់ មធ្យមនិង ស្រាល។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។
ឯកឧត្តម បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចលោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្នុងរដូវវស្សា នេះ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានល្អ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង៤ និង សូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។
ជាមួយនោះ ខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។អំណោយដែលជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៣៥គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១សម្រាប់។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម












