ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីពិនិត្យវឌ្ឍនភាព និងសក្កានុពលអភិវឌ្ឍន៍ខេត្ត‎

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ មាន សំអាន គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញបេសកកម្មការងារ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅក្នុងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញវិស័យពាក់ព័ន្ធចូលរួមផងដែរ ដែលរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងសក្កានុពលដ៏សម្បូរបែបរបស់ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នកំពុងប្រែក្លាយខ្លួនជាប៉ូលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់នៃការកើនឡើងនូវចំនួនរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋ។‎‎

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់យ៉ាងច្បាស់នូវវឌ្ឍនភាពលើវិស័យអាទិភាពចំនួន ៤ ដែលជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា ររួមមាន វិស័យសុខាភិបាល -វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ – វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង -វិស័យកិច្ចការនារី ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ ក្នុងស្មារតីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។‎‎លោកជំទាវប្រធានប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋបាលខេត្ត ដែលសម្រេចបាននូវសមិទ្ធផលគួរឱ្យមោទនៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យខេត្តកំពង់ស្ពឺមានមុខមាត់ថ្មី និងសក្តានុពលសេដ្ឋកិច្ចកាន់តែរឹងមាំផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.