ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ និងឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ជាអគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ ជាអគ្គស្នងការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូប។
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានមានមតិស្វាគមន៍ និងបង្ហាញពីគោលបំណងនៃការបង្កើតអនុគណៈកម្មការចំណុះឱ្យគណៈកម្មការចំពោះកិច្ចកំណែទម្រង់ តម្រង់ទិស និងពង្រឹងការផ្តល់សេវាសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម នៃអង្គភាពដែលមានកងកម្លាំងនគរបាលជាតិ និងតួនាទីភារកិច្ចរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់អង្គប្រជុំចូលរួមជាមតិយោបល់ដើម្បីជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិ លើកកម្ពស់វប្បធម៌វិជ្ជាជីវៈ វិន័យ ក្រមសីលធម៌ និងការបំពេញភារកិច្ចដោយមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញការប្រើប្រាស់ប្រព័ន្ធទិន្នន័យនិងបច្ចេកវិទ្យាឌីជីថល និងកំណត់នីតិវិធីប្រតិបត្តិស្តង់ដារ (SOP) គោលការណ៍ជ្រើសរើស តែងតាំង ផ្លាស់ប្តូរឬផ្ទេរ និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ។
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមសន្តិបណ្ឌិតសហប្រធាន ឯកឧត្តមអនុប្រធាន និងឯកឧត្តមជាសមាជិកទាំងអស់បានផ្តល់នូវមតិយោបល់ដែលជាធាតុចូលដ៏មានសារៈសំខាន់នេះ ដើម្បីរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត ផែនការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ និងសមត្ថភាពស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














