កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង ហើយនៅក្នុងយុគសម័យថ្មីនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវតែពង្រឹងបន្ថែមទៀតដើម្បីផលប្រយោជន៍នៃប្រជាជនកម្ពុជា-វៀតណាម។
ការលើកឡើងដូច្នេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួសមរបស់ប្រតិភូខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលដល់នាពេលដ៏ខ្លីខាងមុខនៅសាលាខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបន្ថែមថា សាមគ្គីភាពជាប្រវត្តិសាស្ត្រ នៅតែបន្តដើរតួនាទីជាសសរស្តម្ភគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងយុគសម័យថ្មី។ ប្រទេសទាំងពីរបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ព្រមទាំងការគាំទ្រចំពោះស្ថិរភាពនយោបាយ និងមាគ៌ានៃការអភិវឌ្ឍជាតិរៀងៗខ្លួន។
ចំពោះមុខបរិបទផ្ទៃក្នុង និងសកលលោក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកំពុងមានសន្ទុះរីកចម្រើនយ៉ាងស្វាហាប់លើគ្រប់វិស័យ។ កម្ពុជានិងវៀតណាមបានឯកភាពថា ការពង្រឹងនិងការលើកកម្ពស់ចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ មានសារៈសំខាន់ជាសារវន្តសម្រាប់ប្រជាជាតិទាំងពីរ។
ជារួមគោលនយោបាយការបរទេសដែលប្រទេសទាំងពីរអនុវត្តចំពោះគ្នា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវភាពរឹងមាំនិងភាពមិនអាចបំបែកបាននៃទំនាក់ទំនងទ្វេភាគីនេះ។
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់បន្ថែមថាទំនាក់ទំនងកម្ពុជា-វៀតណាម បន្តធ្វើពិពិធកម្មទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយរក្សាបាននូវភាពរឹងមាំលើគ្រប់វិស័យដែលជាផលប្រយោជន៍យុទ្ធសាស្ត្ររួម។
ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ពង្រីកកិច្ចសហការនៅគ្រប់កម្រិតនិងគ្រប់វេទិកា ព្រមទាំងពង្រឹងការយោគយល់គ្នាឱ្យកាន់តែស៊ីជម្រៅ ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលកាន់តែធំធេង ទាំងក្នុងក្របខណ្ឌជាតិនិងលើឆាកអន្តរជាតិ។មិនតែប៉ុណ្ណោះប្រទេសទាំង២ នៅតែជាដៃគូពាណិជ្ជកម្ម វិនិយោគ និងសន្តិសុខដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក ហើយពិសេសជាងនេះគឺរក្សាទំនាក់ទំនងជិតស្និទ្ធតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងការសម្របសម្រួលបញ្ហាព្រំដែន ស្របពេលវៀតណាមនៅតែជាទីផ្សារនាំចេញកសិផលដ៏ធំរបស់កម្ពុជា។
លោក ង្វៀន គ្វិញថៀន អនុប្រធានគណកម្មាធិការប្រជាជនខេត្ត(អភិបាលរងខេត្តវិញឡុង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធា សម្បូរសប្បាយ។ទាំងនេះគឺដោយសារតែការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងការតម្កល់នូវផលប្រយោជន៍ជាតិជាធំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយនិងការរីកចម្រើនយ៉ាងឆាប់រហ័សនេះដែរក៏បានធ្វើឱ្យខេត្តកំពង់ស្ពឺដែលធ្លាប់តែរងការមើលងាយថាខេត្តប៊ុមប៊ឺរលាក់កងជើង ជាខេត្តដែលរ៉ាំរ៉ៃដោយភ្លើងសង្គ្រាម មានការប្រែមុខមាត់ថ្មី ស៊ីវិល័យនិងពោរពេញដោយការអភិវឌ្ឍន៍។
តាមរយៈការអភិវឌ្ឍន៍ រីកចម្រើននិងដោយយោងតាមសក្តានុពលដែលខេត្តកំពង់ស្ពឺ លោកនិងជួយគៀរគរ ធុរៈជនវៀតណាមដែលចង់ពង្រីកការវិនិយោគបន្ថែម ឱ្យមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ពិសេសគឺយកកំពង់ស្ពឺជាខេត្តគោលដៅសម្រាប់ការវិនិយោគ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ











