ខេត្តកោះកុង៖ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជូនអង្គពិធីទាំងមូល។
នៅក្នុងពិធីប្រកបដោយអត្ថន័យនេះផងដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបានរបស់ស្ត្រី ដែលជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។
លោកជំទាវបាន អំពាវនាវដល់គ្រប់ស្ថាប័នជុំវិញខេត្ត ឱ្យបន្តជំរុញសមភាព យេនឌ័រ តាមរយៈការផ្តល់ឱកាសដល់ស្ត្រីក្នុងតួនាទីដឹកនាំ និងការសម្រេចចិត្តយ៉ាងពេញលេញ ។
លោកជំទាវអភិបាលខេត្តបានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមស្នើលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងសាខាទាំងអស់ពិនិត្យលទ្ធភាពលើបេក្ខភាពស្រ្តី ដើម្បីធ្វើការតែងតាំង ក្នុងមុខតំណែងជាថ្នាក់ដឹកនាំ ក្នុងតួនាទី ជាអ្នកធ្វើសេចក្តីសម្រេចចិត្តផងដែរ។
ជាមួយគ្នានេះផងដែរ លោកជំទាវបានផ្ញើជាសារដាស់តឿនដល់ស្ត្រីគ្រប់រូប ដោយលោកជំទាវបានសង្កត់ធ្ងន់ លើការពង្រឹងសមត្ថភាព៖ អភិវឌ្ឍខ្លួនឱ្យក្លាយជា «សសរទ្រូងដ៏ រឹងមាំ» ប្រកបដោយចំណេះដឹង និងជំនាញ។
ឱ្យមានភាពម្ចាស់ការហ៊ាន ប្រើប្រាស់សក្តានុពលពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងជីវិត និងសង្គម។
លោកជំទាវ ឈឺ វ៉ា បានបន្តថា យើងទាំងអស់គ្នាត្រូវយល់ដឹង ថា «សន្តិភាព» គឺជាគ្រឹះស្ថានតែមួយគត់ដែលធានាបាននូវ សិទ្ធិសេរីភាព និងសុភមង្គលគ្រួសារ។
គូសបញ្ជាក់ថា ពិធីនេះមិនត្រឹមតែជាការរំលឹកពីប្រវត្តិ សមភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការ កសាងសង្គមមួយដែលស្ត្រីមានសុវត្ថិភាព និងមានឱកាស ពេញលេញក្នុងការរីកចម្រើន៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង














