នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធាន-នាយការិយាល័យ ដែលរៀបចំឡើងនៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (និរោធ)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិស្វាគមន៍ និងបានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ទើបសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឱ្យនាយកដ្ឋានជំនាញត្រូវជំរុញនិងពន្លឿនគម្រោងផែនការថវិកា ឆ្នាំ២០២៧ ឱ្យបានទាន់ពេលវេលា ក៏ដូចជាការចុះបញ្ជី និងជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ។ ជាងនេះទៀត ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយក ក៏បានស្នើឱ្យបន្តជំរុញការងារជួសជុល និងសាងសង់អគារប៉ុស្តិ៍នគរបាល និងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានទាន់ពេលវេលាផងដែរ។ ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក ក៏បានណែនាំដល់មន្រ្តីនគរបាលរបស់អគ្គនាយកដ្ឋានទាំងអស់ត្រូវពង្រឹងអនុវត្តតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវ ហើយត្រូវបន្តសាមគ្គីភាពឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកសម្រេចបាននូវលទ្ធផលការងារជូនអង្គភាព និងក្រសួងមហាផ្ទៃ។
ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ













