នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្រ្តីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងមោទកភាពយ៉ាងក្រៃលែងចំពោះវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញ ចូលរួមក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដ៏មានសារៈសំខាន់នៅថ្ងៃនេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថាអង្គសន្និបាតនាពេលនេះ មិនត្រឹមតែជាវេទិកា ដើម្បីពិនិត្យលើ សមិទ្ធផលដែលសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសក្នុងការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្វះខាត និងការផ្លាស់ប្តូរយោបល់គ្នា ដើម្បីកំណត់នូវយុទ្ធសាស្ត្រថ្មីៗ សំដៅពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃសង្គមឌីជីថល។
ឯកឧត្តមឧត្តមសេនីយ៍ឯក បានលេីកឡេីងថាឆ្នាំ២០២៥ កន្លងទៅនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបំពេញបេសកកម្មយ៉ាងសកម្ម ដោយអនុវត្តយ៉ាង ខ្ជាប់ខ្ជួនតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងប្រកាន់យកផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ(២០២៣–២០២៧) និងផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមឆ្នាំ (២០២៤– ២០២៨) របស់ក្រសួងមហាផ្ទៃ ជាមូលដ្ឋានគ្រឹះ និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ជាពិសេសលើអាទិភាពគន្លឹះទី៥ គឺ “បច្ចេកវិទ្យា”។ នាឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋាន បាននឹងកំពុងអនុវត្តលើមុំយុទ្ធសាស្ត្រជាអាទិភាពចំនួន៤ ដែលជាឆ្អឹងខ្នងនៃប្រតិបត្តិការរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយក្នុងនោះរួមមាន៖ ១.ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពឌីជីថល, ២.ការជំរុញបញ្ញាសិប្បនិម្មិត (AI) និងការអភិវឌ្ឍកម្មវិធីបម្រើសេវាសាធារណៈ, ៣.ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធ ផ្សព្វផ្សាយ , ៤.ការធ្វើទំនើបកម្មរដ្ឋបាល ហិរញ្ញវត្ថុនិងការតាមដានត្រួតពិនិត្យ។
លោក ឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជូនគណៈអធិបតី និងពិធីទាំងមូលបានជ្រាបផងដែរ។
នាឱកាសនោះដែរ ប្រធាននាយកដ្ឋាន និងប្រធានស្ថានីយ៍ ទាំង៧ បានឡើងធ្វើបទអន្តរាគមន៍នូវការងារសម្រេចបាន ក្នុងឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារបន្ដសម្រាប់ឆ្នាំ២០២៦នេះ។
ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ នាយកដ្ឋាន និងស្ថានីយ៍ នីមួយៗ តាមរយៈបទអន្តរាគមន៍ដ៏មានតម្លៃ ដែលបានឆ្លុះបញ្ចាំងពីភាពចាស់ទុំ ម្ចាស់ការទទួលខុសត្រូវ និងការបោះជំហានទៅមុខឥតឈប់ឈរ នៃការវិវត្តន៍របស់អគ្គនាយកដ្ឋាន។ បទអន្តរាគមន៍ទាំង៧ របស់នាយកដ្ឋាន និងស្ថានីយ៍នីមួយៗ បានរួមចំណែកបង្កើតនូវចក្ខុវិស័យរួមមួយ ដែលផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពឌីជីថលរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាធារណៈទាំងមូល៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





