ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យ តាមដានបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់កីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដែលនឹងត្រៀមចូលរួមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ” ប្រចាំឆ្នាំ២០២៦

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យ តាមដានបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់កីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដែលនឹងត្រៀមចូលរួមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ” ប្រចាំឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គលេខធិការង លោក-លោកស្រី ប្រធានអង្គភាព ព្រមទាំងលោក-លោកស្រី ប្រតិភូ-ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ជាពិសេសប្រតិភូ-ប្រតិភូរង ព្រមទាំងគ្រូបង្វឹក-គ្រូជំនួយ ត្រូវបន្តយកចិត្តទុកដាក់តាមដានសកម្មភាពកីឡាករ-កីឡាការិនី ដែលនឹងត្រូវចេញទៅប្រមូលផ្ដុំជម្រើសជាតិ ដោយត្រូវសហការគ្នាឱ្យបានស្និតរមួតជាមួយសហព័ន្ធកីឡាជាតិតាមប្រភេទរៀងៗខ្លួន។

ឯកឧត្តមអគ្គលេខាធិការក៏បានណែនាំ ប្រតិភូ-ប្រតិភូរង និងគ្រូបង្វឹក-គ្រូជំនួយ ត្រូវពិនិត្យ និងដោះស្រាយរាល់សំណូមពររបស់កីឡាករ-កីឡាការិនី ដើម្បីការប្រមូលផ្ដុំរបស់ពួកគេ ប្រព្រឹត្តទៅដោយរលូន និងនាំមកនូវគុណផលល្អ ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការប្រកួតប្រជែងមេដាយនៅលើឆាកអន្តរជាតិ ជូនមាតុភូមិ ក៏ដូចជាអង្គភាព។

ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់កីឡាករ-កីឡាការិនី តាមរយៈប្រតិភូ និងប្រតិភូរង ឱ្យបន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ បំប៉នបច្ចេកទេស សមត្ថភាព គុណភាពរបស់ខ្លួន និងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ព្រមទាំងថែរក្សាសុខភាពឱ្យបានហ្មត់ចត់ ព្រោះសុខភាព គឺជារឿងចម្បងសម្រាប់ការឈានទៅសម្រេចគោលដៅនានាក្នុងការប្រកួតប្រជែងដណ្ដើមមេដាយនានា៕

ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.