ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំដល់មន្ដ្រីទាំងអស់ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានផ្តល់នូវអនុសាសន៍ និងការណែនាំសំខាន់ៗដល់មន្ដ្រីរដ្ឋបាលខេត្តទាំងអស់ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ការណែនាំរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំនៃរដ្ឋបាលខេត្ត មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការរដ្ឋបាលខេត្តជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្តែងនូវការកោតសរសើរដោយ ស្មោះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

ឯកឧត្តម បានគូសបញ្ជាក់ថា ភាពរីកចម្រើន និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តតាកែវនាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការគ្រប់រូប ក្នុងការផ្តល់សេវាសាធារណៈបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំសំខាន់ៗ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត រួមមាន៖ មន្ត្រីម្នាក់ៗត្រូវចាត់ទុកមន្ត្រី រួមការងារជាបងប្អូន ក្នុងគ្រួសាររដ្ឋបាលតែមួយ ត្រូវសហការគ្នាឱ្យបានស្អិតរមួត ដើម្បីឱ្យការងារទាំងឡាយដំណើរការទៅបានរលូន និងជោគជ័យ លុបបំបាត់ភាពអសកម្ម ក្នុងនាមជាអ្នកបម្រើរាស្ត្រ យើងមិនត្រូវមើលបំណាំគ្នា ឬច្រណែនឈ្នានីសគ្នានោះទេ ផ្ទុយទៅវិញត្រូវចេះច្នៃប្រឌិត និងចេះជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការសម្រួលសេវាផ្សេងៗជូនពលរដ្ឋដែលមកកម្សាន្តក្នុងខេត្ត ក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខ។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ផងដែរថា ភាពជោគជ័យនៃរដ្ឋបាលខេត្ត មិនមែនកើតចេញពីបុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរួមសាមគ្គីគ្នា បើយើងចេះជួយគ្នា មិនមើលបំណាំគ្នា នោះរាល់បញ្ហាប្រឈម នឹងត្រូវបានដោះស្រាយ ហើយលទ្ធផលការងារនឹងទទួលបានផ្លែផ្កាជាទីមោទនៈ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.