ព័ត៌មានជាតិ

ឯកឧត្តម អង មង្គល ណែនាំអាជ្ញាធរខេត្តកណ្ដាល ត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

កណ្ដាល ៖ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តកណ្ដាល ត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា។

ការណែនាំរបស់ ឯកឧត្តម អង មង្គល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ័យខ្លាចចំពោះនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់នៅលើដងផ្លូវ តែយើងទាំងអស់គ្នាត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ កុំចាំទាល់តែមាននគរបាលចរាចរណ៍ឈរលើដងផ្លូវ ទើបយើងមានការភ័យខ្លាច ព្រោះនគរបាលចរាចរណ៍ មិនបាននៅឈរលើដងផ្លូវគ្រប់ពេលវេលា គ្រប់ទីកន្លែងឡើយ ដូច្នេះមានតែប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តកណ្តាល កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កន្លងមកដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

ដើម្បីជំរុញប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈកាន់តែប្រសើរ និងឆ្លើយតបទៅនឹងកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាពប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា យកចិត្តទុកដាក់លើការរៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការប្រមូលយោបល់ត្រល់បពីប្រជាពលរដ្ឋ ការកំណត់ការទទួលខុសត្រូវរបស់មន្ទីរ អង្គភាព ជំនាញ និងកងកម្លាំងមានសមត្ថកិច្ចនានាក្នុងការអនុវត្ត ការពិនិត្យមើលឡើងវិញ និងពង្រឹងចលនាប្រជាការពារឃុំ សង្កាត់ ភូមិ និងការបំផុសចលនាឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅមូលដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការកសាងអភិវឌ្ឍមូលដ្ឋានឱ្យមានការអភិវឌ្ឍ នរីកចម្រើនប្រកបដោយចីរភាព។

ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា បង្កើនការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យយល់ដឹងអំពីល្បិចកលឧក្រិដ្ឋជន ដែលប្រើប្រាស់បច្ចេកវិទ្យា មកឆបោកប្រជាពលរដ្ឋ (ឆបោកប្រាក់ អូសទាញឱ្យដាក់ប្រាក់វិនិយោគ) រួមទាំងកម្ចីដោយខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.