ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តកែប រៀបចំពិធីបំពាក់មេដាយការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តកែប៖​ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំធំសេះសសាលាខេត្តកែប ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានផ្តល់កិត្តិយសអញ្ជើញជាគណៈអធិបតីក្នុងពិធីបំពាក់មេដាយការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីកិច្ចសន្យាសាលាខេត្តកែប ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងចូលមកដល់នាពេលខាងមុខឆាប់ៗនេះ ។

ពិធីដ៏មានអត្ថន័យថ្លៃថ្លា និងប្រកបដោយកិត្តិយសនាឱកាសនេះ ត្រូវបានអញ្ជើញចូលរួមអបអរសាទរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត  លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងគ្រប់ប្រភេទក្នុងខេត្ត  មន្រ្តីរាជការ  លោកគ្រូ អ្នកគ្រូ មន្រ្តីកិច្ចសន្យា មន្រ្តីចូលនិវត្តន៍សរុបប្រមាណ ៣៥០នាក់។ ស្ថិតក្នុងឱកាសនេះផងដែរ មានមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ មន្រ្តីកិច្ចសន្យា និងនិវត្តន៍ជនចំនួន ២២៧នាក់ ត្រូវបាន​បំពាក់មេដាយការងារ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ និងលើកទឹកចិត្តដែលបានចូលរួមបំពេញតួនាទី ភារកិច្ចក្នុងជាតិ មាតុភូមិនាពេលកន្លងមក។

ថ្លែងនៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា នេះគឺជាសមិទ្ធិផលជាវិជ្ជមានថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បានយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះមន្រ្តីរាជការគ្រប់ៗរូប ទាំងមន្រ្តីរាជការដែលកំពុងបំពេញការងារ លោកគ្រូ អ្នកគ្រូ មន្រ្តីកិច្ចសន្យាគ្រប់ប្រភេទ រួមជាមួយមន្រ្តីដែលបានចូលនិវត្តន៍ផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់បន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ និងការគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ខ្ញុំសូមឲ្យមន្រ្តីរាជការគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក៏ដូចជាមន្រ្តីកិច្ចសន្យាទាំងអស់ត្រូវខិតខំចូលរួមអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បន្ថែមទៀត ក្នុងគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្តនិយាយដោយឡែក និងនិយាយជារួម ជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍន៍ប្រកបដោយសមធម៌ បរិយាប័ន្ន សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

នៅក្នុងឱកាសនេះផងដែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភជូនដល់មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា និងមន្រ្តីចូលនិវត្តន៍ម្នាក់នូវៈ អង្ករ មី ភេសជ្ជៈ និងថវិកាមួយចំនួន។

ប្រភព​៖​ រដ្ឋបាល​ខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.