នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ក្រាញ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងបើកកម្មវិធីធ្វើបាឋកថាផ្សព្វផ្សាយ ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. ស្តីពី «ការចូលរួមចំណែករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សារជាតិ និងសន្តិភាពនៅកម្ពុជា» នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B)នៃបណ្ឌិត្យ សភានគរបាលកម្ពុជា។
ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមនិងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញធ្វើបាឋកថាផ្សព្វផ្សាយដល់មន្ត្រីនគរបាលនិងនិស្សិតនគរបាលស្តីពី «ការចូលរួមចំណែករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សារជាតិ និងសន្តិភាពនៅកម្ពុជា» នាឱកាសនេះ។
ឆ្លៀតឱកាសដ៏ប្រពៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាននបណ្ឌិត្យសភា ក៏បានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការនិងអង្គពិធីទាំងមូលជ្រាបដែរថា កន្លងមក បណ្ឌិត្យសភាធ្លាប់បានអញ្ជើញវាគ្មិនដែលមានបទពិសោធ ស្នាដៃ ទេពកោសល្យ ជំនាញវិជ្ជាជីវៈ មកធ្វើបាឋកថាជាបន្តបន្ទាប់ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធល្អៗលើប្រធានបទនានា ដែលជាតម្រូវការនិងភាពចាំបាច់របស់បណ្ឌិត្យសភាឬអ្នកសិក្សា ក្នុងគោលបំណងលើកកម្ពស់គុណភាព សមត្ថភាព និងពង្រីកចំណេះដឹងដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តីនគរបាលជាតិ ព្រមទាំងសិក្ខាកាម និស្សិត និងសិស្សនគរបាល នៅ បណ្ឌិត្យសភានគរបាលកម្ពុជា។
ជាក់ស្តែង ថ្ងៃនេះ ឯកឧត្តមរដ្ឋលេខាធិការនិងក្រុមការងារ ក៏បានអញ្ជើញជាវាគ្មិន ក្នុងការធ្វើបាឋកថាផ្សព្វផ្សាយដល់មន្ត្រីនិងនិងអ្នកសិក្សានៃបណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ។
ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានស្នើឱ្យអង្គពិធីទាំងមូលមេត្តាយកចិត្តទុកដាក់ស្វែងយល់ ស្តាប់ សួរ និងកត់ត្រា ឱ្យបានច្បាស់លាស់ នូវបាឋកថាដ៏មានសារៈសំខាន់នេះ៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា


















