ភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអនុញ្ញាតដល់ប្រតិភូ-ប្រតិភូរង ព្រមទាំងគ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី នៃសមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្រោយពីទទួលបានជ័យជម្នះពីការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥។
នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមអគ្គលេខាធិការ បានសម្ដែងការអបអរសាទរដល់កីឡាករ-កីឡាការិនីជ័យលាភីទាំងអស់ ដែលបានដណ្ដើមមេដាយមេដាយជូនអង្គភាពប្រកបដោយមោទនភាព។ ហើយឯកឧត្តម ក៏បានចាត់ទុកលទ្ធផលទាំងអស់នេះ គឺពិតជាកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីគ្រប់រូបក្រោមការយកចិត្តទុកដាក់ពីប្រតិភូ ប្រតិភូរងសមាគមកន្លងមក។
ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញក្តីជឿជាក់យ៉ាងខ្លាំងដែរថា ល្គឹកណាអត្តពលិកទាំងអស់ បន្តដុសខាត់សមត្ថភាពបន្ថែម នោះជោគជ័យនឹងបន្តកើតមាននាការប្រកួតលើកក្រោយទៀតជាមិនខាន។
ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ កីឡាករ-កីឡាការិនី នៃសមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃទាំងអស់ ត្រូវឱ្យបន្តយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ បំប៉នបច្ចេកទេស សមត្ថភាព គុណភាពរបស់ខ្លួន ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ត្បិតសុខភាពគឺជារឿងចម្បងសម្រាប់ការឈានទៅសម្រេចគោលដៅនានាក្នុងការប្រកួតប្រជែងដណ្ដើមមេដាយនានា ជូនអង្គភាព និងជូនជាតិ នៅពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានឧបត្ថម្ភថវិកាមួយចំនួន និងទឹកពិសាប្រណិត V-Active ចំនួន១០កេស ជូនគ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីដើម្បីយកទៅបំរើការហ្វឹកហាត់នាពេលខាងមុខ។
សូមជម្រាបជូនថា សមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ-ប្រតិរង ព្រមទាំងគ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី ប្រណាំងកង់ភ្នំ និងកង់កួក សរុបចំនួន១១រូប ដើម្បីចូលរួមការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើបត្រូវបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ។ ជាលទ្ធផល សមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន៣គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ១) និងពានកិត្តិយស ១គ្រឿង ក្នុងនាមសមាគមដែលដណ្តើមបានមេដាយច្រើនជាងគេ៕













