ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំស្នងការថ្មី នៃខេត្តបន្ទាយមានជ័យ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបការងារ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបបនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យឱ្យបានល្អប្រសើរ។

ការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានលើកឡើងអំពីសភាពការណ៍ពិភពលោក ដែលបាននិងកំពុងកើតឡើង ព្រមទាំងការត្រៀមលក្ខណៈរបស់កម្ពុជា ចំពោះព្រឹត្តិការណ៍សំខាន់ៗដែលនឹងរៀបចំនៅពេលខាងមុខ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ព្រំដែនរវាងកម្ពុជា-ថៃ កាលពីពេលកន្លងទៅ និងភាពផុយស្រួយនៃបទឈប់បាញ់។ ប៉ុន្ដែ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្ដិវិធី បញ្ចៀសការផ្ទុះអាវុធ និងយន្ដការកាទូតលើឆាកអន្ដរជាតិផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលកាលនៅក្នុងមុខតំណែងបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបានល្អ ទាំងការងារបញ្ជាដឹកនាំ ពិសេសការងារព្រំដែន ដែលបានប្រកៀកស្មាគ្នាជាមួយកងយោធពលខេមរភូមិន្ទឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី អធិបតេយ្យជាតិ តស៊ូស្វិតស្វាញ់ ក្រាញននៀលដោយគ្មានការរួចរាឡើយ។

ចំពោះស្នងការថ្មីដែលទើបប្រកាសចូលកាន់តំណែង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំនូវការងារសំខាន់ៗមួយចំនួនរួមមាន៖

*ទី១៖ ពង្រឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវ ក្នុងការដឹកនាំកងកម្លាំង

*ទី២៖ ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាពិសេសជំរុញគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព

*ទី៣៖ បន្ដជំរុញអនុវត្តការងារជំនាញ ការបម្រើសេវាជូនប្រជាពលរដ្ឋ

*ទី៤៖ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចពាក់ព័ន្ធ

*ទី៥៖ ជំរុញការកសាងអង្គភាព ថែរក្សាបរិស្ថាន អនាម័យនៅកន្លែងធ្វើការ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.