នាព្រឹក ថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករដូង និងការិយាល័យគយនិងរដ្ឋាករបុសមន នៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង។
អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករដូង ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះមានអគាររដ្ឋបាល ទំហំ ២០ម៉ែត្រ x ២១ម៉ែត្រ កម្ពស់ ២ជាន់, អគារស្នាក់នៅនិងអាហារដ្ឋានសម្រាប់មន្ដ្រីគយនិងរដ្ឋាករ ទំហំ ៧,៥ម៉ែត្រ x ២០,១ម៉ែត្រ កម្ពស់ ២ជាន់ និងហេដ្ឋារចនាសម្ព័ន្ធនានា មានជាអាទិ៍ ប៉ុស្ដិ៍សន្ដិសុខ, រោងម៉ាស៊ីនភ្លើង, ចំណតរថយន្ត, ទីសក្ការៈ, ដងទង់ជាតិ, បណ្ដាញទឹកស្អាត, បណ្ដាញអគ្គិសនី, ប្រព័ន្ធលូ, កែលម្អរបង, បំពាក់សម្ភារៈការិយាល័យនិងគ្រឿងសង្ហារឹម, ដំឡើងបង្គោលភ្លើងនិងអំពូលសឡា និងសួនច្បារ។
អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ការិយាល័យគយនិងរដ្ឋាករបុសមន ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះមាន អគាររដ្ឋបាល ទំហំ ២០ម៉ែត្រ x ២៣ម៉ែត្រ កម្ពស់ ២ជាន់, អគាររួមមានបន្ទប់ស្នាក់នៅនិងអាហារដ្ឋានសម្រាប់មន្ដ្រីគយនិងរដ្ឋាករ ទំហំ ១៨ ម៉ែត្រ x ៦,៤ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធនានា មានជាអាទិ៍ ប៉ុស្ដិ៍សន្ដិសុខ, ឃ្លាំងទំនិញ, រោងម៉ាស៊ីនភ្លើង, ចំណតរថយន្ត, របង, បន្ទប់ទឹកសាធារណៈ, ខ្យូស, ទីសក្ការៈ, ជួសជុលអគារអ៊ុនតាក់, ដងទង់ជាតិ, បណ្ដាញទឹកស្អាត, បណ្ដាញអគ្គិសនី, ប្រព័ន្ធលូ, បំពាក់សម្ភារៈការិយាល័យ និងគ្រឿងសង្ហារឹម, ដំឡើងបង្គោលភ្លើងនិងអំពូលសឡា និងសួនច្បារ។
សមិទ្ធផលនេះ បង្ហាញឱ្យឃើញពីការគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបន្ដអភិវឌ្ឍសមត្ថភាពស្ថាប័នតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងបំពាក់មធ្យោបាយបំពេញការងារឱ្យបានសមស្រប ដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងការផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ និងស្របតាមការអនុវត្តគោលដៅយុទ្ធសាស្ដ្រទី៦ «សមត្ថភាពស្ថាប័ន» នៃយុទ្ធសាស្ដ្រកែទម្រង់និងទំនើបកម្មគយ ឆ្នាំ២០២៤-២០២៨។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ដ្រីគយនិងរដ្ឋាករប្រចាំការនៅ ការិយាល័យគយនិងរដ្ឋាករដូង និងការិយាល័យគយនិងរដ្ឋាករបុសមនទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ការងារគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីគយ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអគារនិងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានល្អ ព្រមទាំងប្រើប្រាស់ទឹក និងអគ្គិសនីប្រកបដោយភាពសន្សំសំចៃ។





