លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមទីប្រឹក្សា Landell Mills ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារ ADB សរុបចំនួន៤០រូប (ស្រ្តី៨រូប) ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធ ZOOM ពីអ្នកពាក់ព័ន្ធ និងតំណាងខេត្តគោលដៅរបស់គម្រោងរួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងបញ្ជាក់ពីលទ្ធភាពជោគជ័យនៃគម្រោង ដូចជាលទ្ធភាពបច្ចេកទេស លទ្ធភាពសេដ្ឋកិច្ច និងការត្រៀមរៀបចំគម្រោង។លើសពីនេះ ដើម្បីសម្រេចបាននូវ កច្ចព្រមព្រៀងរវាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើចំនុចមួយចំនួនដូចជា៖
(១)ហេតុផល ផលប៉ះពាល់ លទ្ធផល និងទិន្នផលនៃគម្រោង
(២)គំរូហិរញ្ញប្បទាន ដែលបានស្នើឡើង និងផែនការហិរញ្ញប្បទាន
(៣)ជម្រើសគ្រប់គ្រងបំណុល និងលក្ខខណ្ឌនៃការទូទាត់សង
(៤)ការរៀបចំការអនុវត្តគម្រោង និងសៀវភៅណែនាំការគ្រប់គ្រងគម្រោង និង
(៥) ការបញ្ជាក់ពីប្រភេទនៃ សុវត្ថិភាពសង្គម និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់តម្រូវការឯកសារដែលអាចអនុវត្តបាន៕









