ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី លើកទី១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ

នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-ឡាវ ឡាវ-កម្ពុជា ជាផ្លូវការ លើកទី១៥ រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ។

ក្នុងនោះដែរ ភាគីទាំងពីរបានអបអរសាទរ និងសម្តែងការវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ឡាវ ដឹកនាំដោយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុរួមនៃកិច្ចប្រជុំនោះ ភាគីទាំងសងខាង បានបង្ហាញពីកិច្ចសហការណ៍ឱ្យបានស្អិតរមួត ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងខេត្តទាំង២ បង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ ក្នុងនោះមានការយកចិត្តទុកដាក់ខ្ពស់ លើអំពើ ភេរវកម្ម ការជួញដូរមនុស្សឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។រក្សាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ប្រវត្តិសាស្ត្រល្អ របស់ប្រជាជាតិទាំងពីរ ក៏ដូចជាខេត្តទាំងពីរឱ្យកាន់តែល្អប្រសើរឡើង ដោយកំណត់យកថ្ងៃសំខាន់ៗរបស់ជាតិ ឬពិធីបុណ្យប្រពៃណីផ្សេងៗដើម្បីផ្លាស់ប្តូរសិល្បៈ កីឡាតាមការប្តូរវេន ឬព្រឹត្តិការណ៍ផ្សេងៗ។ ពង្រឹងទំនាក់ទំនង លើវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង ទាំងការផ្សព្វផ្សាយ ព័ត៌មាន ដែលទាក់ទងនឹងវិស័យទេសចរណ៍ និងរៀបចំកិច្ចប្រជុំស្តីពីទេសចរណ៍រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដោយមានការចូលរួមពីផ្នែករដ្ឋ និងឯកជន។

ជាមួយគ្នានោះ បានព្រមព្រៀងគ្នាបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមករវាងអង្គភាពអគ្គិសនីខេត្តទាំងពីរ(ស្ទឹងត្រែង-ចំប៉ាសាក់) ដើម្បី ដំណើរការផ្គត់ផ្គង់ចរន្តអគ្គិសនីដោយអនុលោមតាមកិច្ចព្រមព្រៀង នៃអគ្គិសនីកម្ពុជា-ឡាវ។

កិច្ចប្រជុំដដែលនេះ គឺបានលើកទឹកចិត្តឱ្យវិនិយោគិននិងធុរជននៃខេត្តទាំងពីរ ចូលរួមវិនិយោគ ក្នុងវិស័យដឹកជញ្ជូន ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនផលិតផល និងអ្នកដំណើរតាមច្បាប់របស់ប្រទេសនីមួយៗ ព្រមព្រៀងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន ពាណិជ្ជករ អាជីវករ និងប្រជាជនក្នុងការ ដោះដូរផលិតផលកសិកម្ម ឧស្សាហកម្ម ឧស្សាហកម្មខ្នាតតូច និងសិប្បកម្មតាមតម្រូវការទីផ្សារស្របតាមច្បាប់ នៃប្រទេសនីមួយៗ ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.