ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ពោធិ៍សាត់៖ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសាខាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។

ឯកឧត្តមខូយ រីដា បានឱ្យដឹងថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវបានចាប់ផ្តើមរៀបចំ និងសាងសង់ឡើងយ៉ាងសកម្មនៅអំឡុង ឆ្នាំ២០២០ និង២០២១ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ភូមិនេះត្រូវបានរៀបចំឡើង ដើម្បីទទួលសមាជិកអតីតយុទ្ធជន និងនិវត្តន៍ ដែលមានជីវភាពខ្វះខាត ឱ្យចូលមករស់នៅជាបន្តបន្ទាប់ ពោលគឺបន្ទាប់ពីការសាងសង់ផ្ទះរាប់រយខ្នង ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមការត្រួតពិនិត្យផ្ទាល់ ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃភូមិសាស្ត្រនេះ ដែលត្រូវបានចាត់ទុកជា ភូមិគំរូឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថាតំបន់នេះទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងទទួលបានការចុះជួយគាំទ្រជាប់ជាប្រចាំពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន។

ឆ្លងកាត់ការចុះពិនិត្យជាក់ស្តែង ឯកឧត្តម ខូយ រីដា ក៏បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួន ដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការអភិវឌ្ឍភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឱ្យកាន់តែប្រសើរឡើង៖

ទី១-ត្រូវជំរុញឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលចូលមករស់នៅជាក់ស្តែង ខិតខំបង្កបង្កើនផលលក្ខណៈគ្រួសារឱ្យបានកាន់តែច្រើន ដើម្បីទ្រទ្រង់ជីវភាព និងសន្តិសុខស្បៀង។

ទី២-រៀបចំកែសម្រួលការងារសម្ព័ន្ធមេត្រីភាពឡើងវិញ ជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដោយយកចិត្តទុកដាក់ និងគិតគូរខ្ពស់ ចំពោះគ្រួសារអតីតយុទ្ធជន ឬនិវត្តន៍ជនមានជីវភាពខ្វះខាត ដែលទើបចូលមករស់នៅផ្ទះថ្មី។

ទី៣៖ លើកកម្ពស់ការធ្វើអនាម័យ បរិស្ថាន ជុំវិញលំនៅឋាន ធានាឱ្យបានស្អាតល្អ “ផ្ទះស្អាត គ្មានសំរាម” ដើម្បីសុខុមាលភាពនៃការរស់នៅ។

ទី៤៖ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបជាដាច់ខាត នូវរាល់បទល្មើសព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ (រួមទាំងឈើបង្គោលរបង ឬអុស) ក្នុងភូមិសាស្ត្រនេះ។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.