ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិច ឯកឧត្តម ប៊ូ បញ្ញា ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ិនលី សុគន្ធា ប្រធានសម្ព័ន្ធមេត្រីភាព ទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតា ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
ក្នុងប្រសាសន៍ស្វាគមនាឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងពីស្ថានភាពភូមិសាស្រ្តខេត្តត្បូងឃ្មុំ ជូនជ្រាប និងបានគូសបញ្ជាក់ថា ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពនេះ គឺជាសក្ខីភាពនៃការពង្រឹងមិត្តភាព សុច្ឆន្ទៈ និងការយោគយល់គ្នា រវាងប្រជាជននៃសហគមន៍ទាំងពីរ។ លើសពីនេះ វាក៏ជាស្ពានសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិវឌ្ឍខេត្តត្បូងឃ្មុំឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមអភិបាលខេត្ត បានបង្ហាញជូនគណៈប្រតិភូ អំពីសក្តានុពលសំខាន់ៗដែលខេត្តមាន ដោយក្នុងនោះ ទំហំសេដ្ឋកិច្ចខេត្ត សរុបមានប្រមាណ ១.៦៦០លានដុល្លារ ជាមួយនឹងផលិតផលសរុបសម្រាប់មនុស្សម្នាក់ (GDP) ១.៨៣១ដុល្លារ។ ខេត្តត្បូងឃ្មុំជា “ដែនដីមាសបៃតង” ដែលមានដីក្រហមជីជាតិ សម្បូរទៅដោយដំណាំកៅស៊ូ (ផ្ទៃដីជាង ៨ម៉ឺនហិកតា), ស្វាយចន្ទី, ម្រេច និងដំឡូងមី ដែលជាប្រភពចំណូលដ៏ធំ។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តាមរយៈការតភ្ជាប់ជាមួយស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) និងផ្លូវជាតិសំខាន់ៗ ដែលបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មឆ្លងដែនតាមច្រកទ្វារព្រំដែនទាំង០៧កន្លែង។ បើគិតត្រឹមឆ្នាំ២០២៦ ខេត្តមានក្រុមហ៊ុនវិនិយោគធំៗចំនួន ៤២ ដែលកំពុងប្រតិបត្តិការលើវិស័យរោងចក្រកែច្នៃថាមពល និងកសិកម្ម។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺកើតចេញពីការអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលការចុះអនុស្សរណៈយោគយល់ជាមួយទីក្រុងរ៉ូឆេស្ទ័រ នាពេលនេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ខេត្តត្បូងឃ្មុំ លើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសថ្មីៗសម្រាប់វិស័យអប់រំ សុខាភិបាល និងការវិនិយោគពីសហរដ្ឋអាមេរិកមកកាន់ខេត្តវ័យក្មេងមួយនេះផងដែរ។
ប្រភព៖ រដ្ឋបាលខេត្តត្បូឃ្មុំ














