ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អញ្ជេីញធ្វេីបទអន្តរាគមន៍ ស្តីពី ការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជេីញធ្វេីបទអន្តរាគមន៍ ស្តីពី ការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឯកឧត្តម អគ្គនាយក បានធ្វេីបទបង្ហាញអំពីការ ចាប់ផ្តើមផ្តល់សេវារដ្ឋបាលជាបណ្តោះអាសន្នជូនប្រជាពលរដ្ឋចាប់ពីត្រីមាសទី៣ ឆ្នាំ២០១៨ និងបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់ ។ អង្គភាពច្រកចេញចូលតែមួយបានផ្តល់សេវារដ្ឋបាលលើវិស័យចំនួន១៤ ដែលមានសេវារាយ ប្រមាណជាង ៨០០សេវា រដ្ឋបាលរាជធានី ខេត្តចំនួន១២ បានចុះបញ្ជីគម្រោងវិនិយោគឯកជនចំនួន ២៩៥គម្រោង ស្មើនឹងទុនវិនិយោគសរុប ៩៩២​​​ ៤៦២ ៩៨៨ដុល្លាអាមេរិក និងបង្កើតការងារបានចំនួន ១៤០ ៦៧៤

ក្នុងនោះ សេវារដ្ឋបាលដែលមានដំណើការល្អនិងការស្នើសុំច្រើន៖

១. ជាប្រភេទសេវារដ្ឋបាលដែលមានលក្ខណៈសមស្រប និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនិងធុរជន ក៏ដូចជាសក្តានុពលសេដ្ឋកិច្ចនៅតាមមូលដ្ឋាននីមួយៗ ។

២. មានសេចក្តីណែនាំបច្ចេកទេសច្បាស់លាស់ ហើយក្រសួង ស្ថាប័នមានផែនការជាក់លាក់ ក្នុង ការរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីផ្តល់សេវា និងតាមដាន ត្រួតពិនិត្យ ជាប្រចាំលើការផ្តល់សេវារដ្ឋបាលទាំងនោះ ។

៣. រដ្ឋបាលរាជធានី ខេត្តមានផែនការច្បាស់លាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងចុះជំរុញ ជាប្រចាំដល់ម្ចាស់ទីតាំងអាជីវកម្ម សេវាកម្ម ។

៤. មានការគាំទ្រ និងកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ។

ចំពោះ សេវារដ្ឋបាលដែលមិនសូវមានដំណើការល្អ និងការការស្នើសុំតិច៖

១. មិនមានលក្ខណៈសមស្របទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងធុរជន សក្តានុពលសេដ្ឋកិច្ចនៅតាមមូលដ្ឋាននីមួយៗ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ។

២. មិនមានសេចក្តីណែនាំបច្ចេកទេសច្បាស់លាស់ និងមិនបានកំណត់អំពីវិធានការរដ្ឋបាល ឬ វិធានការពិន័យសម្រាប់ទីតាំងអាជីវកម្មដែលមិនមានលិខិតអនុញ្ញាត ឬមិនមកស្នើសុំ បន្ត សុពលភាពលិខិតអនុញ្ញាត ។

៣. ប្រភេទសេវារដ្ឋបាលមួយចំនួនមិនអាចអនវុត្តជាទូទៅនៅគ្រប់រដ្ឋបាលរាជធានី ខេត្តបាន ។

ឯកឧត្តម ក៏បានបញ្ជាក់អំពីទិសដៅការងារបន្តផងដែរ ត្រូវសហការជាមួយក្រសួងស្ថាប័ន ដើម្បីកែសម្រួលទំហំសេវា ប្រភេទសេវា បែបបទ និងនីតិវិធីនៃការ ផ្តល់សេវារដ្ឋបាលនៅយន្តការច្រកចេញចូលតែមួយឱ្យបានកាន់តែសាមញ្ញ និងងាយស្រួល ព្រមទាំង ជំរុញការធ្វើសន្ធានកម្មទិន្នន័យ ។

អគ្គនាយកដ្ឋានរដ្ឋបាលនឹងចូលរួមពិនិត្យ សិក្សា និងរៀបចំឡើងវិញឱ្យបានច្បាស់លាស់នូវមុខងារជា កាតព្វកិច្ច និងមុខងារជាជម្រើសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើទំនើបកម្មការអនុវត្តការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធព័ត៌មានវិទ្យា និង រៀបចំការផ្តល់សេវាជូនប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញ ។

អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តផ្តល់ការគាំទ្រដល់ការបំពេញការងាររបស់រដ្ឋបាលរាជធានី ខេត្ត លើចំណុចសំខាន់ៗមួយចំនួន៖ រៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ជាមួយថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្តដើម្បីបង្ហាញអំពីទស្សនទាន និងទស្សនវិស័យនៃការរៀបចំ ។ យន្តការច្រកចេញចូលតែមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារូបភាពផ្សេងៗនៃការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋ ។

រៀបចំវគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។

រៀបចំក្រុមការងារជាក់លាក់ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការផ្តល់សេវារដ្ឋបាលតាមយន្តការ ច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

កៀរគរការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់សេវារដ្ឋបាលតាមយន្តការ ច្រកចេញចូលតែមួយ ឱ្យបានកាន់តែទូលំទូលាយ តាមគ្រប់មធ្យោយបាយចំក្រុមគោលដៅនិងមានប្រសិទ្ធភាពខ្ពស់ ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.