ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វេីបទអន្តរាគមន៍ ស្តីពី ការងារជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ ២០២៨ ក្នុងឱកាសនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបង្ហាញអំពីបែបបទនិងនីតិវិធីក្នុងការផ្តល់ សំបុត្រកំណើតករណីមានឯកសារគ្រប់គ្រាន់ មេឃុំ-ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ ចុះបញ្ជីកំណើត ស្របតាមនីតិវិធី ករណីបាត់បង់ ឬខូចខាត នាយកដ្ឋានអត្រានុកូលដ្ឋាន ឬរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ ឬរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចេញសេចក្តីចម្លងជូន។ ករណីពុំមានឯកសារគ្រប់គ្រាន់ ត្រូវសម្រេចដោយ ក្រុមការងារកំណត់ អត្តសញ្ញាណឃុំ-សង្កាត់ (សមាសភាព៤រូប) បែបបទ និងនីតិវិធីនៃការផ្តល់សំបុត្រ កំណើតដោយក្រុមការងារកំណត់ អត្តសញ្ញាណឃុំ-សង្កាត់ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ០៥០ ។
បែបបទនិងនីតិវិធីក្នុងការផ្តល់ សៀវភៅស្នាក់នៅករណីមានឯកសារគ្រប់គ្រាន់ នាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅស្របតាមនីតិវិធីករណីបាត់បង់ ឬខូចខាត នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចេញទុតិយតាឱ្យបានឆាប់រហ័ស ករណីពុំមានឯកសារគ្រប់គ្រាន់ ត្រូវមានសាក្សី១រូប ក្រុមការងារកំណត់អត្តសញ្ញាណ ឃុំ-សង្កាត់ត្រូវពិនិត្យ និងសម្រេចឱ្យប៉ុស្តិ៍ នគរបាលឃុំ-សង្កាត់ ចុះឈ្មោះក្នុងបញ្ជី ស្នាក់នៅស្របតាម សេចក្តីណែនាំ លេខ០៥០។
បែបបទនិងនីតិវិធីក្នុងការផ្តល់ អត្តសញ្ញាណបណ្ណករណីមានឯកសារគ្រប់គ្រាន់ មន្ត្រីចុះបញ្ជីអត្តសញ្ញាណបណ្ណត្រូវពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើសម្ភាស ដើម្បីកំណត់ អត្តសញ្ញាណជាពលរដ្ឋខ្មែរ (ប្រការ១៧ នៃប្រកាសលេខ៤២២១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ) ករណីអស់សុពលភាព ឬមានសុពលភាព នៅតិចជាង១៨០ថ្ងៃ ឬបាត់បង់ ឬខូចខាត មន្ត្រីចុះបញ្ជីអត្តសញ្ញាណបណ្ណ ត្រូវផ្ទៀងផ្ទាត់ និងធ្វើសម្ភាស ដើម្បីបញ្ជាក់ អត្តសញ្ញាណជាពលរដ្ឋខ្មែរ (ប្រការ១៨ និងប្រការ១៩ នៃប្រកាសលេខ៤២២១ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់ក្រ សួងមហាផ្ទៃ)។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





