ទីស្តីការក្រសួងមហាផ្ទ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកជំទាវ ស ស៊ីណា ស ថេត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ, ប្រធាន អនុប្រធានសេនាធិការ, ប្រធាន អនុប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន អង្គភាព មន្ទីរជំនាញ, នាយការិយាល័យបុគ្គលិក ការិយាល័យកិច្ចការបរទេស ការិយាល័យនគរបាលអន្តរជាតិ, តំណាងនគរបាលនារីមកពីនាយកដ្ឋាន អង្គភាព មន្ទីរជំនាញ និងស្នងការដ្ឋាននករបាលរាជធានី-ខេត្ត សរុបជាង៤០០រយនាក់។
លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឡើងអានរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងវឌ្ឍនភាពរបស់នគរបាលនារីសម្រេចបានក្នុងឆ្នាំ២០២៥ និងអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនគណៈអធិបតី និងអង្គពិធី។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្ត្រីក្នុងជួរនគរបាលជាតិ ដោយឈរលើគោលការណ៍សមធម៌ និងគុណាធិបតេយ្យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ការអបអរសាទរ «ទិវានារីអន្តរជាតិ ៨ មីនា» គឺជាយុទ្ធនាការជាតិ ដ៏មានអត្ថន័យជ្រាលជ្រៅដែលត្រូវបានប្រារព្ធធ្វើជាផ្លូវការរៀងរាល់ឆ្នាំ នៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធនៅទូទាំងប្រទេស ក្រោមប្រធានបទនានាតាមការកំណត់របស់ក្រសួងកិច្ចការនារី ដោយមានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជសារគាំទរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
បន្ថែមពីលើនេះ ទិវាអន្តរជាតិនារី នេះមានគោលបំណងរំលឹកប្រវត្តិនៃការតស៊ូទាមទារសិទ្ធិ និងសេរីភាពរបស់ស្ត្រី អបអរសាទរវឌ្ឍនភាព និងសមិទ្ធផលរបស់ស្ត្រីកម្ពុជា ដោយឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម និងការចូលរួមរបស់ស្ត្រីក្នុងការកសាងជាតិ គ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញអំពីការប្តេជ្ញាចិត្តរឹងមាំ និងវិធានការវិជ្ជមានរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងសិទ្ធិ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គ្រប់រូបឱ្យក្លាយជាថាមពលស្នូលនៃការអភិវឌ្ឍជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាការលើកកម្ពស់សមភាពយេនឌ័រ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ទន្ទឹមនិងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកទឹកចិត្ត ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិជានារីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋដោយទឹកចិត្តអង់អាចក្លាហាន ឆន្ទៈមោះមុត ស្មារតី ទទួលខុសត្រូវខ្ពស់ និងហ៊ានធ្វើពលិកម្មក្នុងបេសកកម្មរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារី រួមមាន៖ ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍខ្លួនឱ្យមានលក្ខណសម្បត្តិសមស្រប ឆ្លើយតបនឹង តម្រូវការរបស់អង្គភាព និងអាចក្លាយជាថ្នាក់ដឹកនាំក្នុងថ្ងៃអនាគត។ ត្រូវបំពេញភារកិច្ចដោយស្មោះត្រង់ មានមនសិកាវិជ្ជាជីវៈ ក្លាហាន គោរពវិន័យ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូល្អ ទាំងក្នុងកន្លែងការងារ និងក្នុងសង្គមជាតិ។ត្រូវមានភាពក្លាហានបញ្ចេញទស្សនៈដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍ ដើម្បីរួមចំណែកអភិវឌ្ឍអង្គភាពនិងសង្គម។ ត្រូវថែរក្សាប្រពៃណីល្អ សីលធម៌ និងគុណធម៌ឱ្យស័ក្តិសមនឹងតួនាទីជាអ្នកបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ។ និងត្រូវពង្រឹងតួនាទីក្នុងគ្រួសារ ដើម្បីអប់រំកូនចៅឱ្យគោរពច្បាប់ មានសីលធម៌ និងាំជៀសវាងពីគ្រឿងញៀន ល្បែងស៊ីសង បទល្មើសឆបោកតាមបច្ចេកវិទ្យា និងអំពើអបាយមុខនានា។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

















