ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា”

នៅរសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាស្ដីពី “សិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវលើសមិទ្ធកម្មរបស់អង្គភាពថវិកា” ដែលកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Angkor Paradise ស្ថិតនៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាម គ្រូឧទ្ទេស និងសហការីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលារយៈពេល២ថ្ងៃកន្លងទៅនេះ ដោយទទួលបានជោគជ័យតាមការរំពឹងទុក។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២៦តទៅ អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ នឹងចាប់ផ្តើមទទួលបាននូវការផ្ទេរសិទ្ធិអំណាចជាបន្តបន្ទាប់ ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន។ ការប្រែក្លាយទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនេះ នឹងក្លាយជាជំហានដ៏វិសេសវិសាល ដែលផ្តល់នូវសិទ្ធិអំណាច និងនីតិវិធីបច្ចេកទេសយ៉ាងលម្អិតច្បាស់លាស់ ដើម្បីឱ្យសិក្ខាកាមយកទៅអនុវត្ត និងម្ចាស់ការលើការគ្រប់គ្រងហិរញ្ញវត្ថុក្នុងសាមីអង្គភាពរៀងៗខ្លួន។

ជាងនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានមតិណែនាំដល់អង្គភាពថវិការួមមាន៖ ១-ថ្នាក់ដឹកនាំតំណាងគ្រប់អង្គភាពថវិកា ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះ ទៅធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយបន្តដល់មន្ត្រីក្រោមឱវាទ, ២-ស្នើថ្នាក់ដឹកនាំតំណាងគ្រប់អង្គភាព ជម្រុញ និងលើកទឹកចិត្តដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុ ឱ្យពិនិត្យ និងពិភាក្សាផ្ទៃក្នុង លើផែនការសមិទ្ធកម្ម ព្រោះនេះជាមូលដ្ឋានគ្រឹះក្នុងការវាស់វែងប្រសិទ្ធភាពការងារ និងលទ្ធផលក្នុងឆ្នាំ, ៣-ស្នើដល់មន្រ្តីបង្គោលតំណាងអង្គភាពជំនាញ ផ្តល់កិច្ចសហការ ក្នុងការផ្តល់ព័ត៌មានត្រឡប់ ផ្តល់របាយការណ៍ មកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ តាមការស្នើសុំ និងកាលវិភាគដែលបានកំណត់, ៤-សូមបន្តទំនាក់ទំនង តាមគ្រប់មធ្យោបាយ ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ដើម្បីពិគ្រោះយោបល់ សួរសំណួរ និងផ្តល់នូវការស្រាយបំភ្លឺចំពោះចម្ងល់ផ្សេងៗ នឹងត្រូវប្រកាន់អភិក្រម “ធ្វើបណ្ដើរ រៀនបណ្ដើរ និងកែលម្អបណ្តើរ” ក្នុងពេលអនុវត្តការងារជាក់ស្តែង។

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងទទួលបាននូវចំណេះដឹងច្បាស់លាស់ ព្រមទាំងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមសហការអនុវត្តការងារឱ្យទទួលបានជោគជ័យ និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួលបាននូវសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ និងជោគជ័យតាមភារកិច្ចរៀងៗខ្លួន៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.