ពោធិ៍សាត់៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពការងារ និងពង្រឹងលើការឆែកឆេរស្វែងរកវត្ថុហាមឃាត និងគ្រឿងញៀន នៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងពន្ធនាគារ ដោយមានកាចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ។
ក្នុងឱកាសនោះ គណៈប្រតិភូបានចុះត្រួតពិនិត្យលម្អិតលើ ហេដ្ឋារចនាសម្ព័ន្ធ និងអគារឃុំឃាំង រួមមានប្រព័ន្ធសន្តិសុខរូបវន្ត អគារ កំផែង កាមេរ៉ាសុវត្ថិភាព និងសម្ភារពាក់ព័ន្ធ ដើម្បីធានាបាននូវសុវត្ថិភាព និងស្តង់ដារគ្រប់គ្រងត្រឹមត្រូវ។ ព្រមទាំងបានពិនិត្យការត្រួតពិនិត្យម៉ាស៊ីនស្គែន និងសត្វសុនខ សម្រាប់ប្រើប្រាស់ស្វែងរកវត្ថុហាមឃាត់ និងគ្រឿងញៀន នៅក្នុងមណ្ឌល ដោយអនុវត្តវិធានការរឹតបន្តឹង ស្របតាមនីតិវិធី និងបទបញ្ញត្តិជាធរមាន។
ជាមួយគ្នានេះ គណៈប្រតិភូបានពិនិត្យកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ សម្រាប់ជនជាប់ឃុំ រួមមាន កម្មវិធី អនក្ខកម្មកុំព្យូទ័រ កម្មវិធីផលិតកម្ម និងកម្មវិធីកសិកម្ម ដែលមានគោលបំណងពង្រឹងជំនាញវិជ្ជាជីវៈ បំណិនជីវិតសម្រាប់ជនជាប់ឃុំ ដើម្បីត្រៀមខ្លួនក្នុងការធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញក្រោយពេលអនុវត្តទោសចប់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម អគ្គនាយក បានជួបសំណេះសំណាល និងផ្ដាំផ្ញើសារណែនាំសំខាន់ៗពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីមណ្ឌលអប់រំកែប្រែទី៤ ដោយលើកទឹកចិត្តឱ្យបន្តពង្រឹងវិន័យការងារ សីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងការរឹតបន្តឹងការងារសន្តិសុខសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។
ជាទីបញ្ចប់ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងការអភិវឌ្ឍវិជ្ជមានរបស់មណ្ឌលអប់រំកែប្រែទី៤ ព្រមទាំងបានជំរុញឱ្យបន្តអភិវឌ្ឍកម្មវិធីអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង និងការកែប្រែអាកប្បកិរិយាជនជាប់ឃុំឱ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ











