ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងស្វែងយល់ពីសក្ដានុពលចម្រុះនៅក្នុងខេត្តបាត់ដំបង។
ក្នុងជំនួបនោះ ឯកឧត្តម សុខ លូ បានបង្ហាញអំពីស្ថានភាពភូមិសាស្ត្រ និងសក្ដានុពលសំខាន់ៗរបស់ខេត្តបាត់ដំបង ជាពិសេសលើវិស័យ កសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាសាស្ត្រ ដែលមានលក្ខណៈអំណោយផលដល់ការវិនិយោគ។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង មានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃ និងវេចខ្ចប់កសិផលនៅមានកម្រិតនៅឡើយ។
ក្នុងន័យនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត ជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផលនៅខេត្តបាត់ដំបង និងពិនិត្យលទ្ធភាពបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន នៅក្នុងខេត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពរៀបចំ ការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តបាត់ដំបង និងក្រុង ឬខេត្តណាមួយនៃប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង វិនពិន បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលរបស់ខេត្តបាត់ដំបង ជាពិសេសលើវិស័យ ស្រូវអង្ករ និងកសិផលផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថា ស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកការអភិវឌ្ឍ ច្រករបៀងមច្ឆា និងអង្ករ រវាងប្រទេសទាំងពីរ ជាកិច្ចការអាទិភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងលើកកម្ពស់ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន។
ឯកឧត្តមក៏បានលើកឡើងថា ស្ថានទូតចិននឹងបន្តជំរុញ សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយសក្ដានុពលរបស់ខេត្តទៅកាន់អ្នកវិនិយោគចិន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអះអាងថា ភាគីចិននឹងបន្តជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន និងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង















