នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទទួលជួបប្រជុំពិភាក្សាជាមួយឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងសហការី ដើម្បីស្នើសុំការគាំទ្រការធ្វើទំនើបកម្មប្រព័ន្ធផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថា្នក់ក្រោមជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សា និងស្នើសុំផ្ដល់ការគាំទ្រពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល លើការងារសំខាន់ៗមួយចំនួន រួមមាន៖
១.ផ្តល់ការការពារសុវត្ថិភាពដល់ប្រព័ន្ធយន្តការច្រកចេញចូលតែមួយ និងប្រព័ន្ធសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
២.ពិនិត្យ និងកែសម្រួល ប្រព័ន្ធយន្តការច្រកចេញចូលតែមួយ និងប្រព័ន្ធសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសុវតិ្ថភាព និងដំណើរការរលូនល្អ។
៣.ស្នើប្រើប្រាស់ប្រព័ន្ធនាំសារ (Nomsar) ដែលជាថ្នាលឌីជីថល ដែលអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) សម្រាប់ប្រើប្រាស់ក្នុងស្នើសុំសេវាតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤.ស្នើសុំបំពាក់កុំព្យូទ័រ ឧបករណ៍ សម្ភារៈពាក់ព័ន្ធការងារព័ត៌មានវិទ្យា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឱ្យមានភាពល្អប្រសើរ ជូនច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសនៅរដ្ឋបាលស្រុកដាច់ស្រយាល និងរដ្ឋបាលឃុំ សង្កាត់។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល












