ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន Crime Management System (CMS ) ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យជំនាញ ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃជាច្រេីនរូបទៀត ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ ជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវបន្តស្មារតីចូលរួមកិច្ចសហការឱ្យកាន់តែល្អប្រសេីរបន្ថែមទៀត ដេីម្បីឱ្យការរៀបចំនូវប្រព័ន្ធ CMS និងការប្រេីប្រាស់កាន់តែមានប្រសិទ្ធភាព និងឆ្លេីយតបបានទៅតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបន្តកោតសរសេីរ វាយតំលៃខ្ពស់ និងមានមោទនភាពចំពោះ ថ្នាក់ដឹកនាំ ក្រុមការងារ និងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកគួរឱ្យកត់សម្គាល់ និងធានាបាននូវគុណភាព ប្រសិទ្ធភាព និងសក្តានុពលក្នុងការប្រេីប្រាស់ប្រព័ន្ធផងដែរ។
ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នេីរដល់គ្រប់អគ្គនាយកដ្ឋាន អង្គភាព ស្ថាប័ន ពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវបន្ត ជំរុញការប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះនៅក្នុងកិច្ចការងារប្រចាំថ្ងៃ ជាពិសេសត្រូវសម្រួចទៅរកការងារគ្រប់គ្រងរដ្ឋបាលបែបឌីជីថល ការងារដឹកនាំ ការងារវាយតំលៃ និងដាក់គោលដៅបំពេញតួនាទីភារកិច្ច ដោយប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជឿរជាក់ និងសង្ឃឹមថា កិច្ចប្រជុំនាឱកាសនេះ និងមានការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា កាន់តែមានល្បឿនលឿនជាងមុន និងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រេីប្រាស់ និងបម្រេីដល់ការងារប្រចាំថ្ងៃ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ















