ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាអន្តរជាតិ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ (សន្តិភាព និងសន្តិសុខសម្រាប់ ស្រ្តីនិងគ្រួសារ)

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពីធីទិវាអន្តរជាតិ ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ (សន្តិភាព និងសន្តិសុខសម្រាប់ ស្រ្តីនិងគ្រួសារ) នៅសាលាខេត្តស្ទឹងត្រែង ដែលមានមន្ទីរកិច្ចការនារីខេត្ត ជាសេនាធិការ ដោយមានការចូលរួមពីមន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា ជាស្រ្តីមកពីឃុំសង្កាត់ទាំង៣៤ រដ្ឋបាលក្រុងស្រុកទាំង៦ កងកំលាំងនគរបាលជាស្រ្តី មកពីស្នងការនគរបាលខេត្ត កំលាំងយោធាជាស្រ្តី កងកំលាំងអាវុធហត្ថខេត្តជាស្រ្តី និងមកពីមន្ទីរកិច្ចការនារីខេត្តបានទទួលកាដូ ពីឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង។

លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានថ្លែងថា៖ក្រសួងកិច្ចការនារី ក្រសួង ស្ថាប័ននានានៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាមន្ទីរកិច្ចការនារីតាមខេត្ត ក្រុង ជារៀងរាល់ឆ្នាំតែងតែប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលត្រូវបានមហាសន្និបាតអង្គការសហ ប្រជាជាតិ ប្រកាសជាទិវាស្តីពីសិទ្ធិស្រី្ត និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧ ដោយទទួលស្គាល់លើស្នាដៃ និងការចូលរួមចំណែកដ៏ចម្បងរបស់ស្រ្តី ក៏ដូចជាអំពាវនាវឱ្យមានការយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ ក្នុងបរិការណ៍សកល។

ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា៖ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» គឺជាមូលដ្ឋានគ្រឹះមានតម្លៃនៃសិទ្ធិស្រ្តី ក្មេងស្រី និងសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដែលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច។ ការពារស្រ្តីនិងក្មេងស្រី ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការរំលោភបំពានផ្លូវភេទ ការរស់នៅដោយបង្ខំ ការរៀបការវ័យក្មេង ការរៀបការដោយបង្ខំ និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាងនិងថែរក្សាសន្តិភាព និងសន្តិសុខទំាងបែបប្រពៃណី និងមិនប្រពៃណី ដែលទំាងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម ដោយគ្មានការរើសអើង ប្រកបដោយបរិយាប័ន្ន។

ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រី្ត និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្រី្ត និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ស្រី្តក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងនិងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពគ្រួសារនិងសង្គម៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.