ខេត្តក្រចេះ៖ ព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ។ ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៧ នាយកទីចាត់ការ ប្រធានអង្គភាពទាំង២ និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំ ដល់រដ្ឋបាល ក្រុង ស្រុក ក្នុងការរៀបចំសង្រ្កាន្តចូលឆ្នាំថ្មី នៅតាមវត្តអារាម ឬទីកន្លែងផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន មិនអោយយកឡានពន្លត់អគ្គីភ័យ ទៅបាញ់ទឹកតាមកន្លែងធ្វើសង្រា្កន្តទេ ក្នុងន័យនេះ ដើម្បីចូលរួមរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ខណៈពេលអាកាសធាតុកំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុ នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា និងទីកន្លែងសប្បាយភាពនានា និងសូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។ ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំលក្ខណៈ ឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ថែរក្សាសុខសណ្ដាប់ ជូនបងប្អូនក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ឯកឧត្តម អភិបាលបន្តទៀតថា ក្រុង ស្រុក ដែលមិនទាន់មានកន្លែងធ្វើសង្ក្រាន្ត ត្រូវរៀបចំតាមវត្តអារាមណាមួយរបស់ខ្លួន យករៀបចំអោយបានទាន់ពេលវេលា ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នៅពេលខាងមុខនេះ ជាពិសេសអោយបងប្អូនប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ ជំនួយវិញដើម្បីថែរក្សាអត្តសញ្ញាណជាតិដ៏ផូផង់របស់យើងផងដែល ។
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ














