ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖​ នាព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង លោកជំទាវ យិន ស៊ីនួន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការ ព្រមទាំងមន្រ្តីកិច្ចសន្យានិងបុគ្គលិកហាត់ការជានារីទាំងអស់ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ថា ប្រធានបទឆ្នាំ២០២៦ “សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” មានសារៈសំខាន់យ៉ាងខ្លាំងក្នុងបរិបទសង្គមបច្ចុប្បន្ន ព្រោះសន្តិភាព និងសន្តិសុខ គឺជាគ្រឹះសម្រាប់ការរស់នៅប្រកបដោយកិត្តិយស និងការអភិវឌ្ឍគ្រួសារឱ្យមានស្ថិរភាព។ ឯកឧត្តមបានបញ្ជាក់ថា ស្ត្រីជាស្នូលនៃគ្រួសារ និងជាថាមពលសំខាន់ក្នុងការរក្សាសាមគ្គីភាព សុវត្ថិភាព និងការអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

ឯកឧត្តមបានបន្ថែមថា ការលើកកម្ពស់សិទ្ធិស្ត្រី និងការផ្តល់តម្លៃនិងឱកាសស្មើភាពក្នុងការអប់រំ ការងារ និងការចូលរួមសង្គម គឺជាកត្តាចាំបាច់ក្នុងការកសាងសង្គមប្រកបដោយសមធម៌ និងចីរភាព។ ទន្ទឹមនេះ ឯកឧត្តមបានជំរុញឱ្យមន្ត្រីទាំងអស់ បន្តគាំទ្រនិងអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងសមភាពយេនឌ័រ ពង្រឹងការយល់ដឹងអំពីការការពារសិទ្ធិនារី និងរួមចំណែកកាត់បន្ថយអំពើហិង្សាទាំងឡាយប្រឆាំងនឹងស្ត្រី និងកុមារ។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់ស្ត្រីជាមន្ត្រីរាជការទាំងអស់ ឱ្យបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯង សិក្សាស្រាវជ្រាវ និងពង្រឹងជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍអង្គភាព និងក្រសួង។ ការចូលរួមរបស់ស្ត្រីក្នុងតួនាទីដឹកនាំ និងការសម្រេចចិត្ត គឺជាសូចនាករមួយនៃភាពរីកចម្រើន និងភាពរឹងមាំរបស់ស្ថាប័ន។

ក្នុងពិធីនេះផងដែរ ឯកឧត្តមអគ្គនាយក និងលោកជំទាវក៏ផ្ដល់កិត្តិយសជូនកន្ត្រកផ្កា និងផ្តល់វត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាសម្រាប់ជូនសមាជិកាដើម្បីជាការលើកទឹកចិត្ត និងបង្ហាញការគោរពចំពោះការរួមចំណែកដ៏សំខាន់របស់ស្ត្រីក្នុងការបំពេញភារកិច្ចការងារ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.