ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ឌុម អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសក្រុមការងារដឹកនាំគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលពី លោកស្នងការនគរបាលខេត្ត នាយក- នាយករង រដ្ឋបាលសាលាខេត្ត ស្នងការរង អភិបាលរងខេត្ត នាយកទីចាត់ការរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
ក្រុមការងារដឹកនាំ និងជំរុញផ្តល់ឯកសារអត្តសញ្ញាណខេត្តត្បូងឃ្មុំ មានតួនាទី ភារកិច្ច ដូចខាងក្រោម៖
១ ទទួលខុសត្រូវដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋខ្មែរដែលទើបគ្រប់ អាយុ១៥ឆ្នាំ និងពលរដ្ឋខ្មែរដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងពលរដ្ឋខ្មែរដែលមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរខូចខាត បាត់បង់ អស់ ឬជិតអស់សុពលភាពក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ស្របតាមផែនការ និងសន្ទស្សន៍ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះ បោះឆ្នោត និងបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨
២ ទទួលខុសត្រូវដឹកនាំ ជំរុញ និងអនុវត្តសេចក្តីណែនាំលេខ០៥០ សណន ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយយក ចិត្តទុកដាក់ជាចម្បងលើការផ្តល់ឯកសារចំនួន៣គឺ (១) សំបុត្រកំណើត (២) សៀវភៅស្នាក់នៅ និង (៣) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
៣ ក្នុងករណីចាំបាច់ត្រូវដឹកនាំជំរុញ និងផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយប្រើប្រាស់យន្តការចល័ត ឬក្រុមការងារចល័តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
៤ ដឹកនាំ ជំរុញ និងអនុវត្តការផ្សព្វផ្សាយអំពីបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានទូលំ- ទូលាយ ដល់អង្គភាព និងរដ្ឋបាលក្រោមឱវាទ មន្ត្រីជំនាញ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងដែនសមត្ថកិច្ច របស់ខ្លួន
៥ រៀបចំបង្កើតក្រុមការងារក្នុងប្រព័ន្ធទំនាក់ទំនង (ដូចជា CoolApp, Telegram, ឬ WhatsApp) ដើម្បីដឹកនាំ និងជំរុញផ្តល់ឯកសារអត្តសញ្ញាណតាមរដ្ឋបាលក្រុង ស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
៧ បូកសរុប និងធ្វើរបាយការណ៍អំពីលទ្ធផលការងារ តាមបណ្តាក្រុង ស្រុក និងឃុំ សង្កាត់ នីមួយៗ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនក្រុមការងារតាមដាន និងជំរុញការផ្តល់ឯកសារ អត្តសញ្ញាណ តាមភូមិភាគ (ដូចមានចែងក្នុងប្រការ២)
៨ អនុវត្តភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារទទួលបន្ទុករួម។
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ













