ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម

ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម តាមសេចក្តីណែនាំ លេខ ០០៣ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកែប។

កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការនគរបាលក្រុង ស្រុក អង្គភាពអន្តរាគមន៍ ក្រុមចំរុះប្រចាំការតាមតំបន់ទេសចរណ៍គ្រប់ក្រុម និងមន្ត្រីនគរបាលពាក់ព័ន្ធ។ បន្ទាប់ពីបានស្តាប់ការផ្សព្វផ្សាយផែនការ លេខ ៧/២៦ ផ.ក របស់ស្នងការដ្ឋាននគរបាលខេត្តកែប ស្តីពីការ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម ពីលោកប្រធានសេនាធិការនគរបាលខេត្ត និងការចូលរួមយោបល់ពីសមាជិកអង្គប្រជុំ រួចមក។

មានប្រសាសន៍ទៅកាន់អង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវគោលការណ៍ វិធានការ មួយចំនួន រួមមាន ៖

១- បង្កើនកិច្ចហការចុះក្តាប់សភាពការណ៍ បង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នូវសកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗ ដែលនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់ស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

២-បង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់នៅតាមបណ្ដាគោលអារាម វិហារចិន វៀតណាម ទីសក្ការៈបូជា គោលដៅកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋដូចជា រមណីយដ្ឋាន គោលដៅទេសចរណ៍នានាទូទាំងខេត្ត។

៣- បង្កើនការយកចិត្តទុកដាក់ចាត់តាំងការយាមកាម ល្បាត ការពារផ្ទះសម្បែងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលចាកចេញទៅជួបជុំញាតិមិត្ត ផៅសន្តាន នៅឯស្រុកកំណើត ឬទៅកំសាន្តនៅទីជិត ឆ្ងាយ។

៤- ត្រូវមានវិធានការទប់ស្កាត់និងបង្ក្រាបឲ្យទាន់ពេលនៅរាល់សកម្មភាពដែលអាចបង្កគ្រោះថ្នាក់ ការភ័យខ្លាចដល់ប្រជាពលរដ្ឋដូចជា សកម្មភាពក្មេងទំនើងតាមដងផ្លូវ បទល្មើសព្រហ្មទណ្ឌ ល្បែងស៊ីសង បទល្មើសគ្រឿងញៀន អំពើហិង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រប់រំសេវ សំដៅធានាឲ្យបាននៅបរិយាកាសសង្គមប្រកបដោយភាពកក់ក្តៅមានសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយ។

៥-បង្កើនយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមដងផ្លូវជាតិ ទីប្រជុំជន និងគោលដៅផ្សេងៗ ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ របៀបរៀបរយ កាត់បន្ថយការកកស្ទះ ឬគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។

៦- ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយនានា ដោយត្រូវរៀបចំកម្លាំង និងមធ្យោបាយត្រៀមបម្រុងប្រចាំការ ២៤/២៤ម៉ោង ដើម្បីសហការជួយសង្គ្រោះពេលមានអគ្គិភ័យ និងគ្រោះធម្មជាតិកើតឡើងដោយចៃដន្យ។

៧-ត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីប្រជុំជន តាមដងផ្លូវ តំបន់រមណីយដ្ឋាន។ ទន្ទឹមនោះត្រូវបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក(ទាំងពេលថ្ងៃ និងពេលយប់) សំដៅកាត់បន្ថយ ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផង និងរួមចំណែកក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពល្មើសនានាផងដែរ៕

ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.