ខេត្តពោធិ៍សាត់៖ ភាពជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការដោះស្រាយផលប៉ះពាល់ទីតាំងដីសាធារណៈរបស់រដ្ឋ សម្រាប់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវស្អាត បូករួមទាំងការបំពាក់ភ្លើងសូឡា និងដាំដើមឈើលម្អនៅអមសង្ខាងផ្លូវ ក្នុងភូមិសាស្រ្តស្រុកបាកាន និងក្រុងពោធិ៍សាត់។
ជាក់ស្តែងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ជាមួយគ្រួសារចុងក្រោយ ដែលនៅសេសសល់ រហូតឈានដល់ការឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីឈានទៅសម្រេចបានការចាក់ពង្រីកតួផ្លូវ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ចូលតាមផ្លូវជាតិលេខ៥៥ រហូតដល់វត្តហ្លួង ដោយឆ្លងកាត់ បូជនីយដ្ឋានជាប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង ដែលជាបេះដូងនៃជំនឿសាសនា និងវប្បធម៌របស់បងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់។
បន្ទាប់ពីបានដោះស្រាយបញ្ហាដីធ្លីបញ្ចប់ជាស្ថាពរ ឯកឧត្តម ខូយ រីដា ក៏បានបន្តដំណើរចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពការងារ នៅសាលាអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែក្រវាញ ដើម្បីតាមដានការអនុវត្តតាមការណែនាំកន្លងមក លើការរៀបចំកែលម្អសោភណភាពទូទៅ ដើម្បីបង្កើតបរិយាកាសសិក្សាឱ្យកាន់តែស្រស់បំព្រង និងទាក់ទាញដល់សិស្សានុសិស្ស, ការគ្រប់គ្រងសម្រាម និងការថែរក្សាអនាម័យក្នុងបរិវេណសាលា ដើម្បីធានាបាននូវសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជំរុញ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសាលា ដែលបានខិតខំកែប្រែមុខមាត់សាលារៀន៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់












