ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តេីម ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងបានលេីកឡេីងថាការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ពិតជាមានសារ:សំខាន់ណាស់ដេីម្បីធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងបទល្មេីស ងាយស្រួលទប់ស្កាត់ការប្រព្រឹត្តបទល្មេីស ព្រមទាំងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គមនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ការណែនាំតម្រង់ទិសដល់អង្គប្រជុំ ក្នុងការរៀបចំ SOP សម្រាប់ដំណើរការប្រព័ន្ធ Hotline រួម ដើម្បីទទួលបានលទ្ធផលទាន់ពេលវេលា។បន្ទាប់មក ឯកឧត្តមបណ្ឌិតបានអនុញ្ញាតឱ្យអង្គប្រជុំចូលរួមមតិយោបល់និងពិភាក្សាបន្ថែម។
ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានឌីជីថលបានបង្ហាញជូនអង្គប្រជុំនូវកម្មវិធីនិងគម្រោងពាក់ព័ន្ធដែលបាននិងកំពុងរៀបចំ ដើម្បីទទួលមតិដឹកនាំបន្ថែមពីឯកឧត្តមប្រធានអង្គប្រជុំ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងថ្លែងអំណរគុណចំពោះ ឯកឧត្តម សមាជិក សមាជិកា ក្រុមការងារទាំងអស់ដែលបានចូលរួមផ្តល់នូវគំនិតយោបល់យ៉ាងផុសផុល ដើម្បីធានាថាការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline នឹងទទួលបានលទ្ធផលនាពេលឆាប់ៗខាងមុខ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














