ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីសំណេះសំណាលនិងណែនាំតម្រង់ទិសដល់មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ដែលជានិស្សិតនិងសិស្សបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១២និងទី១៣ និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ ចំនួន ៣១៤រូប ដែលនឹងត្រៀមខ្លួនទៅបំពេញការងារនៅតាមអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែលពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំអគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនេះ ឯកឧត្ដមក៏បានធ្វើការណែនាំតម្រង់ទិសប្អូនៗ នៅពេលចុះទៅបំពេញការងារនៅតាមអង្គភាពនគរបាលសាមីនានា ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ដោយគោរពតាមច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំអង្គភាពតាមឋានានុក្រម ដើម្បីសម្រេចបាន នូវកម្មវិធីការងារ និងចូលរួមអនុវត្តការងារប្រចាំថ្ងៃរបស់អង្គភាពឱ្យទទួលបានជោគជ័យ។
ក្នុងនោះដែរ ឯកឧត្ដម បានមានប្រសាសន៍បន្ថែម ដោយអបអរសាទរ ចំពោះប្អូនៗ ក្មួយៗ ដែលមានសំណាងបានជាប់ជាក្របខ័ណ្ឌនគរបាលជាតិ ដូច្នេះប្អូនៗ ក្មួយៗត្រូវរៀបចំខ្លួន ព្រោះយើងឥឡូវជាកងកម្លាំងនគរបាលជាតិ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រូវគោរពវិន័យ ពេលបំពេញការងារ ត្រូវស្លៀកពាក់ ឯកសណ្ឋាន ឱ្យបានត្រឹមត្រូវសមរម្យ និងសាមគ្គីភាពផ្ទៃក្នុងជាកងកម្លាំងនគរបាលជាតិ ហើយ ប្អូនៗ ក្មួយៗ ត្រូវថែរក្សាសុខភាពឱ្យបានល្អជាប្រចាំផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














