ខេត្តបាត់ដំបង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវកៅស៊ូDBST ផ្លូវលេខ៥២០ ចាប់ពីផ្លូវលេខ៥១៥ ដល់ផ្លូវលេខ១៧០១ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងដាក់លូមូល មុខកាត់១ម៉ែត្រសងខាងផ្លូវ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមានការយោគយល់អធ្យាស្រ័យអត់ធ្មត់ខ្ពស់អំឡុងពេលជួបការលំបាកក្នុងការធ្វើដំណើរកន្លងមកដោយសារផ្លូវរងការខូចខាតព្រោះការជីកគាស់កាយសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់។
ឯកឧត្តម គូសបញ្ជាក់ថា ក្រោយពីបញ្ចប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ផ្លូវនៅក្នុងក្រុងបាត់ដំបងនឹងត្រូវបន្តជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់។ បើតាមផែនការផ្លូវចំនួន៣៧ខ្សែក្នុងនោះផ្លូវ១៦ខ្សែជាគម្រោងរបស់រាជរដ្ឋាភិបាល និង២១ខ្សែជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាននិងកំពុងសាងសង់ឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាលនៅក្នុងឆ្នាំ២០២៦នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ក្រើនរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋបើកផ្លូវឱ្យបានធំទូលាយ រៀបចំដាក់សឡាបំភ្លឺផ្លូវនិងចុះណែនាំប្រជាពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង














