ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង ផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងពង្រឹងការងារនគរបាលសហគមន៍ នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦ ក្នុងភូមិសាស្ត្រស្រុកកណ្ដៀង។ សកម្មភាពចុះតាមដានពង្រឹងការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ប៉ុស្តិ៍នគរបាលរដ្ឋបាលវាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេឃុំ, លោកនាយ-នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកអធិការ អធិការរងទទួលការងារកិច្ចការប៉ុស្តិ៍, លោកនាយ-នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។
គោលបំណងចម្បងនៃសកម្មភាពនេះ គឺដើម្បីពង្រឹងយន្តការសន្តិសុខ ជំរុញឱ្យកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តលក្ខណៈសម្បត្តិទាំង ៧ យ៉ាងនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ការងារនគរបាលនិងសហគមន៍ ពង្រឹងទំនាក់ទំនងរវាងនគរបាល និងប្រជាពលរដ្ឋ ដើម្បីបង្កើនទំនុកចិត្ត។ លោកស្នងការរងមានប្រសាសន៍ថា លោកអធិការ អធិការរង លោក លោកស្រីមេឃុំ លោកមេប៉ុស្តិ៍ ត្រូវបន្តជម្រុញ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវតែមានផែនការសកម្មភាពសម្រាប់ឱ្យបណ្តាប៉ុស្តិ៍អនុវត្ត ពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លើការងារស្នូលទាំង៧ ឱ្យបានល្អប្រសើរ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងចាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលមកដល់អធិការដ្ឋាន។ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងឆន្ទៈ យកចិត្តទុកដាក់ បន្តការអនុវត្តការងារនគរបាល និងសហគមន៍ នឹងត្រូវធ្វើការចុះផ្សព្វផ្សាយភូមិ ឃុំមានសុវត្ថិភាព និងវេទិកាសាធារណៈ ឱ្យបានយ៉ាងតិច៨លើកក្នុងមួយខែ កសាងផែនការសកម្មភាព ស្របតាមផែនការយុទ្ធសាស្ត្ររបស់អធិការដ្ឋាន ប៉ុស្តិ៍ត្រូវបង្កើតកម្មវិធីការងារប្រចាំថ្ងៃ ឱ្យកម្លាំងអនុវត្តការងារ លោកនាយ នាយរងប៉ុស្តិ៍ ត្រូវចុះជាប់ជាមួយកម្លាំងប្រជាការពារ ក្នុងពេលអនុវត្តការងារ ដើម្បីធានាបានប្រសិទ្ធភាព ជំរុញចលនាប្រជាការពារ កសាងកម្លាំង ជំរុញប្រជាពលរដ្ឋ ហ៊ានផ្តល់ព័ត៌មានរាយការណ៍ ជូនសមត្ថកិច្ច លើរាល់សកម្មភាពបទល្មើស រក្សាបាននូវបរិស្ថាន និងអនាម័យល្អស្អាត មានតួនាទី ទទួលខុសត្រូវ លើការងារសន្តិសុខ សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប្រមូលទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានឱ្យបានហ្មត់ចត់ ដើម្បីបង្ការ និងជៀសវាងការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scam Online)និងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារ។ ត្រូវពង្រឹងការងារគ្រប់គ្រងមនុស្ស ការគ្រប់គ្រងអាវុធជាតិផ្ទុះ គ្រប់គ្រងមធ្យោបាយ និងគ្រប់គ្រងអាជីវកម្មមុខរបរពិសេស បម្រើដល់សកម្មភាពបទល្មើស ដើរល្បាត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប រាល់ការកើតឡើងនៃបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ពង្រឹងត្រួតពិនិត្យ និងបង្ក្រាប លើបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង ណែនាំដល់មន្ត្រីប៉ុស្តិ៍ឱ្យបន្តបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានរហ័ស ទាន់ចិត្ត និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថាការចុះពង្រឹងផ្ទាល់ដល់មូលដ្ឋានបែបនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការស្វែងយល់ពីបញ្ហាប្រឈមជាក់ស្ដែងរបស់មន្ត្រីប៉ុស្តិ៍ និងឆ្លើយតបទៅនឹងតម្រូវការសន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់














