នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ រួចមក ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ និងឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ជាសហប្រធានអង្គប្រជុំ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋលេខាធិការ សហប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំការងារសំខាន់ៗមួយចំនួនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់អនុវត្តបន្តផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ សហប្រធានអង្គប្រជុំ បានជូនពរសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ និងឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
ប្រភព៖ អគ្គាធិការដ្ឋាន





