ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែមករា របស់អគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមករា និងកំណត់ទិសដៅសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។

ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីអនុវត្តន៍ ដូចខាងក្រោម ៖

– ពង្រឹងការកសាង អភិវឌ្ឍន៍ធនធនាមនុស្ស និងការងារយេនឌ័រ ពិសេសសមត្ថភាពវិជ្ជាជីវៈ និងការធ្វើទំនើបកម្មជំនាញការងារតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ព្រមទាំងយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ (ការប្រគល់តួនាទីចំពោះមន្ត្រីជាស្ត្រី)

– អប់រំលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះតួនាទីភារកិច្ច ព្រមជាមួយគោលនយោបាយ លើកទឹកចិត្តសរសើរជូនរង្វាន់ចំពោះមន្ត្រីសកម្ម

– ត្រូវរឹតបន្តឹង និងពង្រឹងការងារគ្រប់គ្រង វត្តមានមន្ត្រី ការប្រគល់ភារកិច្ចឱ្យស្របជំនាញ

– ពង្រឹងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងបទវិន័យមន្ត្រីពន្ធនាគារ ដោយភាពម៉ឺងម៉ាត់ ពិសេស ស្ថិតក្នុងសំលៀកបំពាក់ឯកសណ្ឋានធ្វើសកម្មភាពមិនសមរម្យបង្ហោះតាមបណ្តាញសង្គម

– ពង្រឹងរក្សាការសម្ងាត់ ការលេចធ្លាយព័ត៌មានទៅក្រៅ និងធ្វើការឆ្លើយតមស្រាយបំភ្លឺចំពោះ ព័ត៌មានភាពអសកម្មនានាឱ្យសមស្រប និងទាន់ពេលវេលា ពិសេស ព័ត៌មានពាក់ព័ន្ធដល់សន្តិសុខជាតិ ឬកិត្តិយសស្ថាប័នជាដើម

– អង្គភាពពន្ធនាគារ គឺជាកន្លែងបំពេញការងាររដ្ឋ ដូច្នេះមិនអាចអនុញ្ញាតឱ្យអ្នកគ្មាន សមត្ថកិច្ចចូល-ចេញ ពិសេស ក្រៅពេលម៉ោងធ្វើការ ឬ នៅពេលយប់

– បន្តពង្រឹងការដឹកនាំគ្រប់គ្រង របៀបរបបការងារ និងរបបប្រជុំត្រួតពិនិត្យ វាយតម្លៃ តម្រង់ទិសមន្ត្រីនៅខ្សែបណ្តោយ (តាមការិយាល័យ និងតាមផ្នែកជំនាញ)

– បន្តពង្រឹងការគោរពអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត

– ការអនុវត្តគ្រប់គ្រងជនជាប់ឃុំត្រូវតែផ្អែកលើនីតិវិធី និងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ

– ត្រូវពង្រឹងការងារស៊ើបការអប់រំ និងរឹតបន្តឹងការត្រួតពិនិត្យឆែកឆេរ (អនុវត្តដូចភ្លៀងរលឹម)

– ត្រូវទំនាក់ទំនងជូនដំណឹងដល់សមត្ថកិច្ចពាក់ព័ន្ធ នៅពេលបញ្ជូនជនជាប់ឃុំទៅ តុលាការ ការដឹកផ្ទេរ ឬទៅមន្ទីរពេទ្យ (ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនជាប់ឃុំមានសន្តិសុខខ្ពស់)

– បន្តស្វែងរកដៃគូគាំទ្រកម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអនុវត្តកម្មវិធីសមាហរណកម្ម ព្រមទាំងការងារសុខភាពជនជាប់ឃុំ

– បន្តយកចិត្តទុកដាក់លើកកម្ពស់គុណភាពម្ហូបអាហារ និងអនាម័យបរិស្ថាន

– ជំរុញការងារសិប្បកម្ម និងកសិកម្មពន្ធនាគារ (ការដាំដុះ និងចិញ្ចឹមសត្វ)

– ជំរុញអនុវត្តគោលការណ៍ផ្ទះមុខងារ អគារស្នាក់នៅរបស់មន្ត្រី អំឡុងពេលបំពេញមុខងារស្របតាមច្បាប់ស្តីពីពន្ធនាគារ(លើកទឹកចិត្តម្ចាស់ការច្នៃប្រឌិតលើកស្ទួយស្ថានភាពរស់នៅរបស់មន្ត្រីពន្ធនាគារ និងគ្រួសារ)៕

ប្រភព៖ អគ្គនាយដ្ឋានពន្ធនាគារ

bvt

Leave a Reply

Your email address will not be published.