ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញទេសចរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
ការជំរុញរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង។
ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង សង្កាត់ អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សសរុបជាង៣០០នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានចុះផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនៅគ្រប់បណ្ដាក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរ អង្គភាពនានា រដ្ឋបាលក្រុង ស្រុក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់កិច្ចសហការឱ្យបានជិតស្និទជាមួយមន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឱ្យបានទូលំទូលាយបន្ថែមទៀត ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ឯកឧត្តម សុខ លូ បង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ។
សូមជម្រាបថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះបានអនុវត្តនៅទូទាំងប្រទេសក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយខេត្តបាត់ដំបងជាខេត្តស្ថិតនៅវេនទី១០ ក្នុងការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ដំណាលគ្នានឹងខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





