ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យស្ថានភាព ប្រេះច្រាំងទន្លេ ក្នុងសង្កាត់កំពង់ចាម

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាព តាមបណ្តោយច្រាំងទន្លេ ដែលមានការប្រេះដាច់ និងស្រុតចុះដោយទឹកទន្លេមេគង្គខេត្តកំពង់ចាមឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡាប្រវែងប្រមាណ៧០ ម៉ែត្រ ទទឹង១,១០ម៉ែត្រ ទៅ១,៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានទទួលរងការប្រេះស្រុតយ៉ាងដំណំ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរសង្កាត់/ក្រុង ឱ្យរៀបចំដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅកន្លែងដែលប្រេះស្រុត ដើម្បីជៀសវាងធ្វើអ្នកដំណើរ ដើរធ្លាក់នៅពេលយប់។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយម រៀបចំក្រុមការងារចុះសិក្សាស្ថានភាពជាក់ស្តែង ចំពោះករណីនេះ ដើម្បីធ្វើរបាយការណ៍ដាក់ទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីជួសជុលកន្លែងប្រេះស្រុតនេះឡើងវិញ ហើយក៏ជាការការពារ កុំឱ្យបាក់ច្រាំងទន្លេកាន់តែខ្លាំង និងមានហានិភ័យកាន់តែខ្ពស់។

គូរបញ្ជាក់ថា សួនច្បារខាងលើ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១២ ដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

bvt

Leave a Reply

Your email address will not be published.