កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើអាជ្ញាធរស្រុក ឃុំ ភូមិ ផ្សព្វផ្សាយ និងធ្វើលិខិតអញ្ជើញប្រជាពលរដ្ឋ មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី បានដល់ដៃគ្រប់ៗគ្នា។
ការស្នើរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ សរុបចំនួន ១១,១៥៤ប័ណ្ណ ស្ថិតនៅស្រុកពញាឮ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ខេត្តកណ្តាលនឹងខិតខំចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានចប់មុនចូលឆ្នាំខ្មែរ ដើម្បីឆ្លើយតបចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញការចុះបញ្ជីដីធ្លីនេះជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ ដើម្បីសម្រេចតាមផែនការនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើអាជ្ញាធរស្រុក ឃុំ ភូមិ សូមផ្សព្វផ្សាយ និងលិខិតអញ្ជើញជូនបងប្អូនប្រជាពលរដ្ឋ មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីបានដល់ដៃគ្រប់ៗគ្នា។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់ប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល





