ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងស្វែងយល់ពីសក្តានុពលខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្ដៅ និងជម្រាបជូនអំពីសក្តានុពលសំខាន់ៗរបស់ខេត្តបាត់ដំបង ដែលមានទីតាំងភាគពាយ័ព្យជាប់ព្រំដែនថៃ មានច្រកអន្តរជាតិ២ និងច្រកតំបន់៣ ព្រមទាំងមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម។

ឯកឧត្តម សុខ លូ ក៏បានស្នើឯកអគ្គរាជទូតជួយកៀរគរ អ្នកវិនិយោគចក្រភពអង់គ្លេស មកបណ្ដាក់ទុនវិនិយោគជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម កែច្នៃ និងវិចខ្ចប់ផលិតផលកសិកម្ម ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត។

ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់ដល់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន ហើយបានបញ្ជាក់ថា កម្ពុជាចង់បានសន្តិភាពតែប៉ុណ្ណោះ។

ជាការឆ្លើយតប ឯកឧត្តម Dominic Williams បានបង្ហាញការយល់ដឹង និងទទួលយកចំពោះអ្វីដែលបានលើកឡើង ព្រមទាំងសាទរចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាទប់ស្កាត់ និងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ (online scams) ដែលជាបញ្ហាសំខាន់ប៉ះពាល់ដល់សង្គម និងវិនិយោគិន។

ជាទីបញ្ចប់ ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ឱកាសសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគក្នុងខេត្ត ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.