នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែមករាឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជេីញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ដើម្បីអនុញ្ញាតជូនតំណាងក្រុមហ៊ុនចំនួន០២ បង្ហាញពីប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពរបស់ខ្លួន នៅចំពោះមុខ គ.ប.ផ.ក. ដើម្បីផ្សព្វផ្សាយជាសាធារណៈ។ សន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ជាសមាជិក គ.ប.ផ.ក. តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ថ្នាក់ដឹកនាំ លេខាធិការដ្ឋាន គ.ប.ផ.ក. និងតំណាងក្រុមហ៊ុន អធីអេហ្វ អ៊ុនវេសមេន (បារីម៉ាក GOLD SEAL)និង ក្រុមហ៊ុន ប៊ូ ស្ទួន អ៊ីមិច (បារីម៉ាក ESSE) រួមជាមួយអ្នកសារព័ត៌មានរដ្ឋ និងឯកជនជាច្រើនអង្គភាពផងដែរ។
ឯកឧត្ដម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍ថា ការរៀបចំឱ្យមាន សន្និសីទនាពេលនេះ ក្នុងគោលបំណងផ្ដល់នូវភាពច្បាស់លាស់ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុន តាមរយៈការអះអាងនាពេលនេះ រីឯស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏បានបង្ហាញពីទិដ្ឋភាពច្បាប់ ឬវិធានការនានា ដើម្បីប្រកាសផ្សព្វផ្សាយឱ្យសាធារណៈជនបានដឹង និងបានយល់ពីទិដ្ឋភាពច្បាប់ទាំងអស់គ្នាផងដែរ។
ឯកឧត្ដមប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដោយកន្លងមកថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើកិច្ចការទាំងនេះ ជាមួយយន្តការនានា បន្ថែមលើច្បាប់ដែលមានស្រាប់ ដើម្បីធានានូវតុល្យភាពរវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលើកកម្ពស់សុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈការជំរុញឱ្យមានការត្រួតពិនិត្យលើការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឱ្យមានការចរាចរ និងចែកចាយផលិតផលដោយអនុលោមតាមច្បាប់។
ជាចុងក្រោយ ឯកឧត្តមប្រធាន ក៏បាន អំពាវនាវដល់បណ្ដាម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មទាំងអស់ គោរពឱ្យបានទៅតាមអនុលោមភាព ដែលកំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការទទួលខុសត្រូវលើទោសទណ្ឌ ឬប្រឈមវិធានការច្បាប់ផ្សេងៗផងដែរ៕





