នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំពិធីដាក់ឱ្យដំណើរការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ដែលសៀវភៅនេះ នឹងជាចំណែកមួយ ក្នុងការងារប្រឆាំងនូវអំពើជួញដូរមនុស្សរបស់កម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យសម្រេចបានឯកសារមួយនេះ គឺមានការជួបពិភាក្សាជាច្រើនលើកច្រើនសារ ទាំងកម្រិតបច្ចេកទេស ទាំងការសិក្សាទូលំទូលាយ គួបផ្សំការចុះសិក្សាដោយផ្ទាល់ នៅតាមអង្គភាព ស្ថាប័ន និងខេត្តមួយចំនួន របស់មន្ត្រីបច្ចេកទេស ។
លោកជំទាវ បានបន្តថា ដើម្បីរៀបចំនូវក្របខ័ណ្ឌតាមដានមួយនេះ ក៏មានការប្រមូលនូវធាតុចូលនានា ដោយធ្វើឱ្យមានសុក្រឹតភាពរួមជាមួយថ្នាក់តំបន់ អាចអនុវត្តន៍បាន និងអាចប្រើប្រាស់ជាបង្អែកសម្រាប់ការតាមដាន ការធ្វើរបាយការណ៍ ដើម្បីជាមូលដ្ឋាននៃការបូកសរុប វាយតម្លៃឱ្យបានត្រឹមត្រូវ ចំណុចខ្លាំង ភាពប្រឈម ឬឧបសគ្គ ដែលត្រូវសិក្សាដកពិសោធន៍សម្រេចការកែលម្អ ការអនុវត្តកាន់តែល្អប្រសើរឡើង ឈានទៅការសម្រេចលទ្ធផលតាមការរំពឹងទុក នៃផែនការយុទ្ធសាស្ត្រជាតិ ។
លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ឯកសារនេះ នឹងយកទៅប្រើប្រាស់ជាខ្នាតវាស់ និងវឌ្ឍនភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូការងារទាំងអស់ ដែលបានប្ដេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា ។
ការបង្កើតបាននូវសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ក្រោមការឧបត្ថម្ភគាំទ្រមូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី អាស៊ាន-អូស្ត្រាលី ប្រឆាំងការជួញដូរមនុស្ស (ACEAN-ACT) ។
គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ មានគោលដៅលុបបំបាត់រាល់ទម្រង់ចាស់ថ្មី នៃអំពើជួញដូរមនុស្ស ដែលបង្កឡើងដោយឧក្រឹដ្ឋជនតាមរយៈការធ្វើសកម្មភាពគ្រប់មធ្យោបាយ ក្នុងគោលបំណងកេងប្រវ័ញ្ចលើមនុស្សដោយទុច្ចរិត ធ្វើឱ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់រូបកាយ សុខភាពផ្លូវចិត្ត ផ្លូវភេទ អាយុជីវិត ដែលជាការរំលោភសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មនុស្សគ្រប់វ័យ គ្រប់យេនឌ័រ គ្រប់ស្ថានភាព គ្រប់ពណ៌សម្បុរ ក្នុងដែនសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជនកម្ពុជានៅក្រៅប្រទេស ៕












