ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ថយចុះ ១៧ភាគរយ ធៀបឆ្នាំ២០២៤

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ហើយការបង្ក្រាបក៏ទទួលលទ្ធផល ៩៦%។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ។

ការគូសបញ្ជាក់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាអង្គសន្និបាត បានវាយតម្លៃប្រកបដោយមោទនភាព ចំពោះគ្រប់សមិទ្ធផល និងស្នាដៃដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងនគរបាលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការលើកកម្ពស់ការ គ្រប់គ្រងពន្ធនាគារ ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ និងការងារបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា «ជាការកត់សម្គាល់ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ ១៧ភាគរយ ធៀបឆ្នាំ២០២៤ ការបង្ក្រាបក៏ទទួលលទ្ធផល ៩៦% ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរ មនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង ក្រុមក្មេងទំនើង ខណៈក្រសួងក៏កំពុងស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាប់ខ្លួនមេក្លោង និងបញ្ជូនជនបរទេសប្រព្រឹត្តបទល្មើសទៅប្រទេសកំណើតវិញ ដោយមានកិច្ចសហការ ជាមួយសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់»៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.