តាកែវ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការ ស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តតាកែវ។
ពិធីនេះ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ និងដាក់បទបញ្ជាអាជ្ញាធរក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ ជាដាច់ខាត ដើម្បីធានាបាននូវសន្ដិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស។
ឯកឧត្តម អភិបាល បន្ដថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះតាមដានត្រួតពិនិត្យជាប្រចាំ រាល់ទីតាំងស្នាក់នៅទាំងអស់ ចំពោះជនបរទេសដែលមកស្នាក់នៅក្នុងខេត្តតាកែវ ពិសេសតាមទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ការធ្វើអាជីវកម្ម ឆបោកតាមប្រព័ន្ធអនឡាញ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបានូវប្រសិទ្ធភាព នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលបានដាក់ចេញ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញវិធានការដ៏មុតស្រួច សំដៅក្នុងការបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យអស់ពីក្នុងប្រទេសកម្ពុជា។
ក្នុងន័យនេះអាជ្ញាធរ រួមជាសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam កុំឱ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្ដិសុខសង្គម ជាតិទាំងមូល៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ














