សាលាភូមិន្ទរដ្ឋបាល៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងក្នុងនាមជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានចូលរួមវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំសម្រាប់អនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាលសម្រាប់មណ្ឌលសុខភាព ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ។
ការអនុវត្តការវាយតម្លៃចុងក្រោយនេះ បេក្ខភាពនីមួយៗត្រូវធ្វើបទបង្ហាញពីសមិទ្ធផលសម្រេចបានរបស់អង្គភាពរយៈពេល៣០នាទី និងការឆ្លើយនូវរាល់សំណួរពីសំណាក់ គ.វ.ជ. រយៈពេល២០នាទី។ ការវាយតម្លៃរបស់គណៈកម្មការត្រូវធ្វើលើ២ផ្នែកគឺ ការដាក់ពិន្ទុលើតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការវិនិច្ឆ័យលើការធ្វើបទបង្ហាញ។ គ.វ.ជ. នឹងធ្វើការវាយតម្លៃជ្រើសសម្រាំងយកបេក្ខភាពដែលផ្តល់សេវាសាធារណៈបានល្អជាងគេ និងលេចធ្លោជាងគេ ដើម្បីធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីពីលេខ១ ដល់លេខ៥ សម្រាប់អង្គភាព ៣កម្រិត មានអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌលសុខភាព។
ការវាយតម្លៃសម្រេចដំណាក់កាលចុងក្រោយនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម និងដាក់ពិន្ទុដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំងថ្នាក់ដឹកនាំជា សមាជិក សមាជិកា នៃ គ.វ.ជ.។ មុនចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មការ ឱ្យប្រើប្រាស់ការវាយតម្លៃ ប្រកបដោយសុភវិនិច្ឆ័យ ស្មើៗគ្នា ធ្វើយ៉ាងណាធានាភាពសុក្រឹត្យ និងយុត្តិធម៌បំផុតជូនអង្គភាពដែលជាបេក្ខភាពទាំងអស់ ស្របតាមនីតិវិធី និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់។
បេក្ខភាពទាំង១៥អង្គភាព ដែលចូលរួមប្រកួតប្រជែងចុងក្រោយនាពេលនេះរួមមាន៖ (១)អនុវិទ្យាល័យ ឈូកខ្សាច់ កំពង់ធំ (២)អនុវិទ្យាល័យ ភ្នំយ៉ាត ប៉ៃលិន (៣)អនុវិទ្យាល័យ បាក់អំរែក បាត់ដំបង (៤)អនុវិទ្យាល័យ សម្តេចឪ ព្រះសីហនុ (៥)អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា សៀមរាប (៦)សាលាបឋមសិក្សា ថ្លុកជ្រៅ កំពង់ចាម (៧)សាលាបឋមសិក្សា សម្តេច ជា ស៊ីម បាត់ដំបង (៨)សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ព្រះសីហនុ (៩)សាលាបឋមសិក្សា ក្រវ៉ាន់ សៀមរាប (១០)សាលាបឋមសិក្សា ស្វាយជ្រំ ស្វាយរៀង (១១)មណ្ឌលសុខភាព សំរោង ពោធិ៍សាត់ (១២)មណ្ឌលសុខភាព ព្រៃព្នៅ ព្រៃវែង (១៣)មណ្ឌលសុខភាព គោកចក សៀមរាប (១៤)មណ្ឌលសុខភាព ស្រែណូយ សៀមរាប និង (១៥)មណ្ឌលសុខភាព មិត្តភាពកម្ពុជា-កូរ៉េ ឈើទាល ស្វាយរៀង។
សូមជម្រាបថា ការអនុវត្តនីតិវិធីវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ ប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល៕













