នារសៀលថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គាធិការដ្ឋាន។
ក្នុងឱកាសកម្មវិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក លោកស្រី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ត្រូវយកចំណេះដឹងទៅបម្រើការងារជូនអង្គភាព ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅតាមគោលការណ៍ណែនាំ និងធ្វើការចែករំលែកបន្តដល់មន្រ្តីដែលបម្រើការងារជាមួយគ្នា ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនពាក់ព័ន្ធការងាររៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ដល់នាយកដ្ឋានទាំងអស់ចំណុះអគ្គាធិការដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ ក៏បានប្រគល់ កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់ថ្នាក់ដឹកនាំ និងនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន និងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់លោក លោកស្រី ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយជោគជ័យ។
កម្មវិធីប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ស្ថិតក្នុងទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធមួយចំនួន៕
ប្រភព៖ អគ្គាធិការដ្ឋាន
















