ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់សប្បុរសជន ជនជាតិចិន ចែកជូនដល់ជនភៀសសឹក

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់សប្បុរសជន ជនជាតិចិន មាន អង្ករ គ្រឿង ឧបភោគ បរិភោគ ចែកជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់បណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ប្រមាណ ៣,០០០គ្រួសារ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់សប្បុរសជនចិន ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយស្បៀងជូនបងប្អូនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដី ធ្លី ផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័រ បន្លាលួស ហ៊ុំព័ទ្ធ រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា កាលពីសង្គ្រាមឈ្លានពានរយៈពេល២១ថ្ងៃកន្លង ក្រោយពេលបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២និង០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដល់បងប្អូនភៀសសឹកថា ការរៀបចំផ្ទះអតីតយុទ្ធជននេះ ដែលរដ្ឋ ភិបាលផ្តល់ជូនសម្រាប់បងប្អូនបណ្តោះអាសន្ននេះ ពុំមានការយកថវិកាពីអង្គការក្រៅរដ្ឋាភិបាលណា មកសាងសង់នោះទេ គឺជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ផ្តល់ជូនដល់បងប្អូនភៀសសឹក បានរស់នៅបណ្តោះអាសន្ន មានទីជម្រកសមរម្យ ជៀសផុតពីការលំបាកនៅរដូវភ្លៀងជាដេីម។

ហើយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ និងបន្តយកចិត្តទុកដាក់ទៅលើជីវភាព និងការរស់នៅរបស់បងប្អូនគ្រប់ពេលវេលា រហូតដល់បញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់។ សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣,០០០គ្រួសារ ទទួលអំណោយក្នុងមួយគ្រួសារ អង្ករ១០គីឡូក្រាម, មីមួយកេស, ទឹកសុទ្ធ២យួរ, ទឹកស៊ីអុីមួយយួរ និងទឹកត្រីមួយយួរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.